Cc times  web banner kh

កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងអាស៊ានបៃតង និងកិច្ចសហប្រតិបត្តិការបរិស្ថាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបការទូតថ្មីៗនេះរវាង លោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីដែលទើបបានទទួលការតែងតាំង និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះនិរន្តរភាពបរិស្ថាន ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងអាស៊ានបៃតង និងបច្ចេកវិទ្យាបណ្តុះកូនឈើ។

ក្នុងកិច្ចពិភាក្សា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ពីគំនិតផ្តួចផ្តើមបរិស្ថានពិសេសរបស់កម្ពុជាទៅលើភាពស្អាត ភាពបៃតង និងចីរភាព រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សចំនួនសត្វផ្សោតទឹកសាប និងបំណងស្នើសុំដាក់ដែនជម្រកសត្វផ្សោតជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះគោលនយោបាយបរិស្ថានរបស់កម្ពុជា និងបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ម៉ាឡេស៊ីក្នុងការសហការបន្ថែមទៀត។

កិច្ចសន្ទនាក៏បានផ្តោតជាពិសេសលើ កិច្ចព្រមព្រៀងអាស៊ានបៃតង - ASEAN Green Deal ដែលផ្តួចផ្តើមដោយកម្ពុជាក្នុងឆ្នាំ២០២២។ ភាគីទាំងពីរបានទទួលស្គាល់សារៈសំខាន់នៃការពង្រីកគំនិតផ្តួចផ្តើមទាំងនេះ និងបានបង្ហាញពីក្តីប្រាថ្នាស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ។ លោករដ្ឋមន្ត្រី បានស្នើឱ្យផ្តោតលើការដាំព្រៃឡើងវិញ និងការអភិវឌ្ឍប្រភេទដើមឈើដែលមានភាពធន់តាមរយៈបច្ចេកវិទ្យាទំនើបក្នុងការថែទាំ និងបណ្តុះកូនឈើប្រើប្រាស់ជាលិកា (Tissue Culture Technologies) ។

លោករដ្ឋមន្ត្រីបានថ្លែងថា "គោលដៅរបស់យើងគឺធ្វើឱ្យកម្ពុជាកាន់តែមានភាពបៃតង តាមរយៈការដាំស្តារព្រៃឡើងវិញនៅតំបន់ដែលរងផលប៉ះពាល់ដោយការកាប់ឈើខុសច្បាប់ និងភ្លើងឆេះព្រៃ"។ "តាមរយៈការសហការជាមួយម៉ាឡេស៊ី យើងមានគោលបំណងប្រើប្រាស់បទពិសោធន៍ និងជំនាញរបស់ពួកគាត់ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍លើការដាំដើមឈើ ដោយផ្តោតលើប្រភេទដែលធន់នឹងការប្រែប្រួលអាកាសធាតុ"។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី បានគាំទ្រសំណើនេះ ដោយគូសបញ្ជាក់ពីការចូលរួមរបស់ក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីនៅកម្ពុជា តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមសាជីវកម្ម (Corporate Social Responsibility:CSR) លើសកម្មភាពដាំដើមឈើ និងសកម្មភាពសម្អាតទន្លេជាដើម។ កំឡុងពេលដែលម៉ាឡេស៊ីកាន់តំណែងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ប្រទេសទាំងពីរចាត់ទុកកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះជាឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលផ្តោតលើវិស័យបរិស្ថាន។

លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ីក្នុងការចែករំលែកជំនាញ និងធនធានដើម្បីគាំទ្រគោលដៅបរិស្ថានរបស់កម្ពុជា។ កិច្ចជំនួបនេះគឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដោយសង្កត់ធ្ងន់លើតម្លៃបរិស្ថានរួមគ្នា និងសកម្មភាពរួមគ្នានៅក្នុងសហគមន៍អាស៊ាន៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង