681 ezgif.com resize
Moneygramott moi1280x163px

ក្រសួងធម្មការជំរុញឱ្យការរៀបចំ«បុណ្យមាឃបូជា»នៅឆ្នាំនេះមានភាពឱឡារិក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូ​បភាពតំណាង៖ វត្តនិគ្រោធវ័ន គល់ទទឹង

ភ្នំពេញ៖ ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការ និងសាសនា បានជំរុញឱ្យគ្រប់វត្ដអារាមរៀបចំពិធីបុណ្យមាឃបូជា ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្ដណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ។ ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា នឹងប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

រូ​បភាពតំណាង៖ វត្តនិគ្រោធវ័ន គល់ទទឹង

បើតាមសេចក្តីប្រកាសរបស់ក្រសួងធម្មការ រាជរដ្ឋាភិបាល បានចាត់ចែងរៀបចំពិធីបុណ្យ មាឃបូជា នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខអ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទ ចូលរួម បំពេញកុសលតាមប្រពៃណីព្រះពុទ្ធសាសនា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ឆ្នាំនេះ ពិធីបុណ្យ មាឃបូជា ប្រព្រឹត្តទៅរយៈពេល២ ថ្ងៃ គឺថ្ងៃពុធ ១៥កើត និងថៃ្ងព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

រូ​បភាពតំណាង៖ វត្តនិគ្រោធវ័ន គល់ទទឹង

ដើម្បីឱ្យពិធីបុណ្យ មាឃបូជា ឆ្នាំនេះ មានភាពឱឡារិកអធិកអធម ក្រសួងធម្មការនិងសាសនា បានធ្វើការណែនាំដល់មន្ទីរធម្មការនិងសាសនា គ្រប់រាជធានី ខេត្ត ចំណុចទី១ ត្រូវបំផុសឱ្យគ្រប់វត្ដអារាមរៀបចំពិធីបុណ្យមាឃបូជាឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងជ្រើសរើសវត្ដណាមួយដែលមានលក្ខណៈសមស្របប្រារព្ធពិធីបុណ្យ មាឃបូជា ជាផ្លូវការ។

ចំណុចទី២ ត្រូវសហការជាមួយព្រះមេគណ អនុគណ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្ត រៀបចំបោស សម្អាតតុបតែងលម្អវត្តអារាម ដោយមានរូបភាពព្រះពុទ្ធទ្រង់ប្រសូតិ ការប្រជុំប្រកបដោយអង្គ៤ ទ្រង់សម្តែងឱវាទ បាតិមោក្ខ ទ្រង់កំណត់ព្រះជន្មាយុសង្ខារ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់រំយោល ពុទ្ធភាសិត បដាពាក្យស្លោកផ្សេងៗ ព្រមទាំងរៀបចំពិធីចម្រើនព្រះបរិត្ត សម្តែងធម៌ទេសនា ដឹកនាំពុទ្ធបរិស័ទធ្វើសមាធិវិបស្សនា កម្មដ្ឋានជាដើម ដើម្បីសម្អាតកាយ វាចា ចិត្ត។

រូ​បភាពតំណាង៖ វត្តនិគ្រោធវ័ន គល់ទទឹង

ចំណុចទី៣ ត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ និងអំពាវនាវ សប្បុរសជន ពុទ្ធបរិស័ទ ឱ្យអញ្ជើញចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជាគុណប្រយោជន៍ដល់ការ ថែរក្សានូវ អត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គម។

ក្រសួងបញ្ជាក់ថា ទទួលបានសេចក្ដីណែនាំនេះ មន្ទីរធម្មការនិងសាសនា រាជធានី ខេត្ត ត្រូវសហការជាមួយព្រះមេគណ អនុគណ គ្រប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះគ្រូចៅអធិការគ្រប់វត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាត់ចែងអនុវត្តតាម សេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពនិងទទួលបានលទ្ធផលល្អប្រសើរ៕

រូ​បភាពតំណាង៖ វត្តនិគ្រោធវ័ន គល់ទទឹង
រូ​បភាពតំណាង៖ វត្តនិគ្រោធវ័ន គល់ទទឹង


Khcct banner

អត្ថបទទាក់ទង