ស្ទឹងត្រែង៖ តុលាការសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី ៣ កុម្ភៈនេះ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុរសម្នាក់ ជាប់ពាក់ព័ន្ធនឹងការកាប់រំលំដើមឈើទាលធំៗនៅដែនជម្រកសត្វព្រៃ-ព្រៃឡង់ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។បុរសម្នាក់នោះ គឺជាប់បទចោទ កាប់រុករានដីព្រៃយកធ្វើកម្មសិទ្ធិ។
ជនសង្ស័យមាន ឈ្មោះ លី សេន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។លោកត្រូវបាននាំខ្លួនមកតុលាការសាលាដំបូង ខេត្តស្ទឹងត្រែង នៅថ្ងៃទី ៣ កុម្ភៈនេះ ដើម្បីធ្វើការសាកសួរនាំពីបទកាប់គាស់ ឬ រុករានដីព្រៃ ឆ្កា ដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើកម្មសិទ្ធិ និង មានសមគំនិតក្នុងអំពើកាប់ផ្តួល រំលំ ឬបំផ្លាញព្រៃឈើ ស្ថិតក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សូមបញ្ជាក់ថា ក្រុមមន្ត្រីនៃក្រសួងបរិស្ថាន បានប្រទះឃើញដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ឈើដែលបានកាត់អាជ្រៀកខាងលើនេះ ជាប្រភេទឈើទាល ចំនួនសរុប៥៦គល់។ ក្នុងនោះអារំលំថ្មីមានចំនួន៤៩គល់ និងអារចាស់មានចំនួន៧គល់។ ឈើទាំងនោះ មានអង្កាត់ផ្ជិតចាប់៤០សងទីម៉ត្រែ ទៅ១០០សង់ទីម៉ែត្រ ក្នុងប្រភេទដើមឈើនីមួយៗ។ ឈើអាច្រៀកខាងលើនេះ គឺជាដើមឈើច្បោះជ័ររបស់ភូមិ ហើយទីតាំងនោះមានចំការចាស់ព័ទ្ធជុំវិញ ហើយមានដាក់ឈើបាញ់ថ្នាំសម្គាល់ គ្រោងកាប់រុករានដីព្រៃ។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានចាត់ទុក ការកាត់រំលំដើមឈើទាលធំៗនេះ គឺគេធ្វើក្រោមរូបភាពដុតយកជ័រ បន្ទាប់មកកាប់ឈើ និងទន្ទ្រានយកដី។សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនទៀត តែពួកគេបានគេចខ្លួនបាត់អស់ហើយ។ អ្នកពាក់ព័ន្ធភាគច្រើនជាអ្នកដែលរស់នៅតំបន់នោះតែម្តង។លោកចាត់វិធានការច្បាប់លើក្រុមជន ដែលកាប់បំផ្លាញឈើនេះដោយគ្មានការលើកលែងនោះឡើយ៕