ភ្នំពេញ ៖ យុវជនមួយក្រុម កាលពីថ្ងៃទី ២៦ មករា ២០២៥ បានរៀបចំគម្រោង «ជិះស៊ីក្លូ» ដោយយកថវិកាដែលទទួលបានពីការលក់ សំបុត្រដើម្បីទិញសម្ភារៈប្រើប្រាស់ និងជូនថវិកាទៅកាន់អ្នកធាក់ស៊ីក្លូចំនួន៧៥នាក់ នៅរាជធានីភ្នំពេញ។
បើតាម កញ្ញា សុខ លីលីន ដែលជាសហស្ថាបនិកនៃគម្រោង «ជិះស៊ីក្លូ» បានឱ្យដឹងថា គម្រោងជិះស៊ីក្លូ អាចប្រព្រឹត្តទៅបានដោយបង្កើតនូវផលវិជ្ជមានចំពោះអ្នកធាក់ស៊ីក្លូ៧៥នាក់ ដោយសារតែមានការចូលរួមចំណែកដោយអ្នកដែលមានចិត្តស្រឡាញ់ចូលចិត្តអំពើល្អប្រកបដោយមនុស្សធម៌ ដែលបានជាវសំបុត្រ ព្រមទាំងបរិច្ចាគថវិកាមួយចំនួនដើម្បីក្រុមយុវជនអាចប្រើប្រាស់សម្រាប់រៀបចំជាសម្ភារ និងរៀបចំថវិកាមួយចំនួនជូនទៅកាន់អ្នកធាក់ស៊ីក្លូ។ ថ្វីត្បិតការរៀបចំនេះហាក់មានឧបសគ្គជាច្រើន តែចុងបញ្ចប់ លទ្ធផលបានធ្វើឱ្យ លីលីន មានការស្ងើចសរសើរទៅនឹងការចូលរួមយ៉ាងសកម្មរបស់ក្រុមខ្លួន និងអ្នកចូលរួមគាំទ្រជាច្រើន។
គម្រោង ជិះស៊ីក្លូ មិនត្រឹមតែបានជួយដល់អ្នកធាក់ស៊ីក្លូដោយផ្ទាល់ប៉ុណ្ណោះទេ តែថែមទាំងបន្សល់ អនុស្សាវរីយ៍រវាងអ្នកជិះស៊ីក្លូចំនួន៧៥រូប ដែលសុទ្ធតែជាជនជាតិខ្មែរ បានដិតជាប់នៅទស្សនីយភាព និងអារម្មណ៍រីករាយដោយសាកល្បងជាមួយនឹងបទពិសោធន៍ដែលធ្លាប់មានកាលពីយូរលង់ណាស់មកហើយ តាមរយៈការជិះស៊ីក្លូគយគន់ទិដ្ឋភាពទីក្រុងនាចុងសប្តាហ៍នៅទីតាំងប្រវត្តិសាស្រ្តនៃរាជធានីភ្នំពេញ។
តាមរយៈការទទួលបានថវិកាពីការលក់សំបុត្រជិះស៊ីក្លូនេះ យុវជនក្រុមនេះទទួលបានថវិកាសរុប ប្រមាណជាង ១៧០០ ដុល្លារ កាលពីថ្ងៃអាទិត្យ ទី ២៦ មករា ២០២៥ ក្រុមការងាររៀបចំកម្មវិធី និងយុវជនស្ម័គ្រចិត្តបានរៀបចំជាកញ្ចប់ថវិកាក្នុងម្នាក់ចំនួន ១៥ដុល្លារ ជូនអ្នកធាក់ស៊ីក្លូ និង សម្ភារៈចំនួន ៧៥ កញ្ចប់ជាសរុប ដែលក្នុងនោះមានដូចជា គុយទាវចំនួន ១២កញ្ចប់ សាប៊ូដុសខ្លួន ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ទឹកក្រអូប ព្រមទាំងក្រមា ផងដែរ។
លោក ឡុង ហុកសេង ដែលជាអ្នកជិះស៊ីក្លូមួយរូប បានរៀបរាប់ថា “ការរៀបចំកម្មវិធីជិះស៊ីក្លូនេះពិតជាល្អណាស់ ព្រោះវាជាឱកាសមួយដែលអាចគាំទ្រដល់អ្នកធាក់ស៊ីក្លូ ព្រមទាំងអាចធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយដោ យជិះគយគន់ទីតាំងប្រវត្តិសាស្រ្តនៅជុំវិញព្រះបរមរាជវាំង និងវិមានឯករាជ្យ។ ជាពិសេស ខ្ញុំកាន់តែសប្បាយចិត្ត នៅពេលដែលបានដឹងថា ថវិកាដែលខ្ញុំបានចំណាយបាន ចូលរួមជាចំណែកមួយក្នុងការបរិច្ចាគទៅកាន់អ្នក ធាក់ស៊ីក្លូវ័យចំណាស់ ដែលពឹងផ្អែកលើចំណូលពីអ្នកទេសចរ និងធ្វើដំណើរដោយស៊ីក្លូ ដែលបច្ចុប្បន្ននេះ មិនសូវមានអ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរមួយ នេះជាប្រចាំដូចជំនាន់មុននោះឡើយ”។
គម្រោងនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ ដោយមានការផ្តួចផ្តើមពីយុវជនចំនួន ៦រូប គឺ កញ្ញា សុខ លីលីន កញ្ញា សុខ ប៉ជូ កញ្ញា ខូវ ម៉ីម៉ី កញ្ញា ឡុង ហ្សានីតា និងកញ្ញា ង៉ែត សៀកយ៉េង កញ្ញា សោម ដេលី ព្រមទាំងយុវជនស្ម័គ្រចិត្តជាច្រើនរូប។
យុវជនស្ម័គ្រចិត្ត លីវ អេនជែលឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ ថា ក្នុងចំណោមបទពិសោធន៍ស្ម័គ្រចិត្តកន្លងមក ការស្ម័គ្រចិត្តនៅក្នុងគម្រោងមួយនេះ បានធ្វើឱ្យខ្លួនរំជួលចិត្តជាខ្លាំងនៅពេលដែលបានឃើញស្នាមញញឹមរបស់អ្នកធាក់ស៊ីក្លូដែលមានវ័យចំណាស់ទទួលបានការគាំទ្រពីយុវជននិងជនជាតិខ្មែរដែលមានចិត្តសប្បុរសធម៌។
គួរបញ្ជាក់ផងដែរថា គម្រោង «ជិះស៊ីក្លូ» មានបេសកកម្មដើម្បីបង្កើតអនុស្សាវរីយ៍ដល់អ្នកចូលរួម តាមរយៈការផ្សារភ្ជាប់អ្នកចូលរួមទៅនឹងវប្បធម៌របស់ទីក្រុងភ្នំពេញ និងគាំទ្រដល់អ្នកបើកស៊ីក្លូក្នុងស្រុក៕