
ប្រ៊ុចសែល៖ សហភាពអឺរ៉ុប បានរិះគន់ និង ព្រមានលោកដូណាល់ត្រាំ ប្រសិនបើសមាជិកខ្លួនណាមួយ ត្រូវបានលោកប្រធានាធិបតីជាប់ឆ្នោតថ្មីធ្វើការបន្ថែមពន្ធគយលើទំនិញរបស់ខ្លួនបន្ថែមទៀត។ ក្តីបារម្ភ និង ការព្រមានរបស់សមាជិកសហភាពអ៊ឺរ៉ុបនេះ ធ្វើឡើងភ្លាមៗក្រោយពីលោកដូណាល់ត្រាំ បានប្រកាសដាក់ពន្ធគយបន្ថែមលើទំនិញរបស់ប្រទេសចិន កាណាដា ម៉ិកស៊ិកកូ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសដែលត្រូវបានអាម៉េរិកបន្ថែមពន្ធគយកាន់តែមានភាពតានតឹង។
យោងតាមសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប បានអះអាងថាខ្លួនសង្ឃឹមថា សមាជិកនៃសហភាពអ៊ឺរ៉ុបនឹងអាចជៀសវាងជម្លោះពាណិជ្ជកម្មជាមួយលោកដូណាល់ត្រាំតាមរយៈការចរចា។ ទោះបីជា EU មានសង្ឃឹមបែបនេះក្តីក៏លោកដូណាល់ត្រាំធ្លាប់បាននិយាយដដែលថាខ្លួនអាចនិងធ្វើការបន្ថែមពន្ធគយលើបណ្តាលប្រទេសមួយចំនួននៃសមាជិករបស់ EU។

ជាការឆ្លើយតបទៅលោកដូណាល់ត្រាំអ្នកនាំពាក្យរបស់គណៈកម្មការអឺរ៉ុបសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការដាក់ពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន ដោយការដាក់ពន្ធគយបង្កើតការរំខានផ្នែកសេដ្ឋកិច្ច និងជំរុញឱ្យមានអតិផរណា។

សហភាពអឺរ៉ុបបានព្រមានថា ខ្លួនឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះដៃគូពាណិជ្ជកម្មណាដែលដាក់ពន្ធដោយអយុត្តិធម៌ ឬតាមអំពើចិត្តលើទំនិញរបស់សហភាពអឺរ៉ុប។ អ្នកនាំពាក្យដដែលបន្តទៀតថាសហភាពអឺរ៉ុបដែលមានសមាជិក ២៧ ប្រទេសនៅតែប្តេជ្ញាចិត្តចំពោះការដាក់ពន្ធទាបដែលជាមធ្យោបាយមួយដើម្បី "ជំរុញកំណើននិងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធពាណិជ្ជកម្មរឹងមាំនិងផ្អែកលើច្បាប់" ដែលមានស្រាប់៕