Cc times  web banner kh

ក្រសួងអប់រំកម្ពុជាសម្រេចផ្អាករៀបចំ«ការប្រឡងសិស្សពូកែថ្នាក់ជាតិ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ក្រសួងអប់រំនឹងមិនមានការរៀបចំការ ប្រឡងសិស្សពូកែថ្នាក់ជាតិនៅឆ្នាំសិក្សា ២០២៤-២០២៥ នោះឡើយ ដោយយោងទៅតាមការចាំបាច់របស់ក្រសួងអប់រំ តែក្រសួងលើកទឹកចិត្តឱ្យប្រធានមន្ទីរអប់រំរៀបចំប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ។

បើតាមគេហទំព័រនៃក្រសួងអប់រំ កាលពីថ្ងៃទី ២៧ មករា ២០២៥ បានឱ្យដឹងថា ក្រសួងអប់រំនឹងផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ធ្វើជាម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត លើមុខវិជ្ជាទាំង៣គឺ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និង ផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី ខេត្តនីមួយៗ។

ក្រសួងអប់រំ បានសង្កត់អត្ថន័យថា សូមឱ្យមន្ទីរអប់រំថ្នាក់ខេត្ត ចាត់ចែងរៀបចំដំណើរការប្រឡង ជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្តរៀងៗខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមការគួរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំកន្លងមក ក្រសួងអប់រំ តែងមានការប្រលងសិស្សពូកែទូទាំងប្រទេសសម្រាប់ថ្នាក់ទី ៩ និងទី ១២ ដែលមានការជ្រើសរើសសិស្សពូកែមកពីបណ្តារាជធានីខេត្តក្រុង ដែលឆ្លងកាត់វគ្គជម្រុះពីសាលា ថ្នាក់ស្រុក និងថ្នាក់ខេត្ត ទម្រាំអាចមានឱកាសប្រលងថ្នាក់ជាតិ។ចំពោះការសម្រេចផ្អាកនៅពេលនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនសម្តែងការសោកស្តាយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង