
ភ្នំពេញ៖ អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតសិក្សានៅអូស្រ្តាលីនឹងបើកទទួលពាក្យថ្ងៃទី ០១ កុម្ភៈ ដើម្បីសិក្សារយៈពេលពីរឆ្នាំសម្រាប់និស្សិតក្នុងការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅប្រទេសអូស្រ្តាលី។
បើតាមគេហទំព័រនៃ Australian Award Cambodia បានឱ្យដឹងថា អាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី Australia Awards ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតនេះផ្តល់ឱកាសដល់បេក្ខជននិងបេក្ខនារីដែលកំពុងបំពេញការងារលើគ្រប់វិស័យរួមទាំងអ្នកកំពុងបម្រើការងារក្នុងវិស័យសាធារណៈ, វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ក៏ដូចជាអង្គការសង្គមស៊ីវិលផងដែរ ដែលបើកទទួលពាក្យជាធម្មតាពីថ្ងៃ០១ កុម្ភៈ ដល់ ៣០ មេសា ជារៀងរាល់ឆ្នាំ។
អាហារូបករណ៍នេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍ និងយូរអង្វែងរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការចូលរួមលើកស្ទួយវិស័យអប់រំ ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២៤ នេះ យុវជន ៣៣ រូប នៅក្នុងប្រទេសកម្ពុជាទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សានៅប្រទេសអូស្ត្រាលី។

ដើម្បីអាចដាក់ពាក្យចូលរួមបាន បេក្ខជន និងបេក្ខនាទីត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចជា ជាជនជាតិខ្មែរ, មានកម្រិតភាសាអង់គ្លេសត្រូវជាមួយនឹងលក្ខខណ្ឌអាហារូបករណ៍ដែលខ្លួនជ្រើសរើស, ជាពិសេស ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ក៏ដូចជាមានបទពិសោធន៍ការងារយ៉ាងតិចពីឆ្នាំ (២៤ខែ ពេញម៉ោង) ។

បន្ថែមពីនេះ អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនយុវជនកម្ពុជាតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ រហូតមកដល់ពេលនេះមានរយៈពេលប្រមាណ ៣០ ឆ្នាំ អាហារូបករណ៍នេះបានផ្តល់ជូនយុវជនចំនួន ១០០០ នាក់មកហើយ ក្នុងការសម្រេចក្តីស្រមៃបន្តការសិក្សានៅប្រទេសអូស្រ្តាលី។ ប្រសិនបើមានចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងអាហារូបករណ៍នេះ អាចតាមដានតាមគេហទំព័រ https://www.australiaawardscambodia.org/ ។

អាហារូបករណ៍ Australian Awards ផ្តល់ជូនរយៈពេលពីរឆ្នាំសម្រាប់និស្សិតក្នុងការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រនៅប្រទេសអូស្រ្តាលី ដែលជារៀងរាល់ឆ្នាំ មានស្រ្តីយ៉ាងតិច ៦០% នៃចំនួនបេក្ខជនសរុបដែលបានជាប់។ ជាពិសេស អាហារូបករណ៍នេះ មានការផ្តល់ជូនជាពិសេសសម្រាប់ជនដែលមានពិការភាព ក្នុងការសម្រេចក្តីស្រមៃផងដែរ៕