ភ្នំពេញ៖ចាប់ពីថ្ងៃទី ២៥ និង ទី២៦ ខែមករា ឆ្នាំ ២០២៥ វេលា ម៉ោង ០៧:០០ នាទី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជានឹងរៀបចំប្រារព្ធពិធី សន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី ៥របស់គណបក្ស ប្រជាជនកម្ពុជា នៅវិមាន៧ មករា ស្ថិត ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើយោងតាមសេចក្តីជូនដំណឹងដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈព្រមទាំងបញ្ចៀសបាននូវ ការកកស្ទះ ចរាចរអាជ្ញាធរមានសមត្ថកិច្ច នឹងបញ្ចៀសចរាចរ ចំពោះយានយន្ត គ្រប់ ប្រភេទលើកំណាត់មហាវិថី ព្រះនរោត្តម ( ចាប់ពីស្តុបជលផល ដល់ ស្ពានអាកាសក្បាលថ្នល់ និង បរិវេណជុំវិញទីតាំងប្រារព្ធពិធី ) នៅថ្ងៃទី ២៥ និងទី ២៦ ខែមករា ឆ្នាំ ២០២៥ ចាប់ពី វេលាម៉ោង០៥:០០ នាទី ព្រឹករហូតដល់បញ្ចប់ កម្មវិធី ។
