
ភ្នំពេញ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិត និង ៦ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ប្រមូលផ្ដុំប្រជៀតគ្នានៅមុខផ្ទះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវ។ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
ក្រោយទទួលបានដំណឹងភ្លាម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និង រថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ និង សម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ។តាមប្រភពព័ត៌មានបឋម បានរាយការណ៍ថា មានមនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត និង ៦នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នេះ។
បច្ចុប្បន្ន អាជ្ញាធររាជធានីភ្នំពេញ កំពុងស្រាវជ្រាវធ្វើកំណត់ហេតុការណ៍លម្អិតពីករណ៍នេះ។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងចូលមកដល់នៅថ្ងៃទី ២៨ មករាខាងមុខនេះ។ហើយតាមទម្លាប់ប្រជាពលរដ្ឋមួយចំនួនតែងតែផ្តល់ទានជូនដល់ពលរដ្ឋក្រីក្រ។