ថៃ៖ អាជ្ញាធរថៃបានប្រកាសបិទទ្វារសាលារៀននៅក្រុងបាងកកប្រមាណ ១០៣ សាលារៀនដោយប្តូរឲ្យសិស្សមករៀនតានអនឡាញវិញក្រោយកម្រិតខ្យល់ពុលខ្លាំងកើនឡើងមិនធ្លាប់មានកំពុងវាយប្រហារខេត្តចំនួន ៤៦ ក្នុងចំណោមខេត្តចំនួន៧៧ក្នុងប្រទេសថៃ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃគិតត្រឹម ថ្ងៃពុធ សាលារៀនចំនួន ១០៣ ក្នុងទីក្រុងបាងកកបានផ្អាកថ្នាក់រៀនជាបណ្តោះអាសន្ន ហើយប្តូរទៅរៀនតាមអ៊ីនធឺណិត ដោយសារខ្យល់ពុលខ្លាំងកំពុងតែរីកសាយភាយពាញពេញទីក្រុងបាងកក ដែលអាចប្រឈមនឹងហានិភ័យដល់សុខភាពអ្នកដែលចេញទៅខាងក្រៅ។
អភិបាលក្រុងបាងកកបានចាត់ទុកខ្យល់ពុលខ្លាំងនេះកើតឡើងបានគួបផ្សំនឹងការបំភាយចរាចរណ៍ខ្ពស់ដែលបណ្តាលមកពីកត្តាមួយចំនួន រួមទាំងការកកស្ទះកាន់តែច្រើននៅលើផ្លូវក្នុងទីក្រុងបាងកក លោកបានអះអាងថាប៉ូលីសជំនាញបានរកឃើញថារថយន្តដឹកទំនិញខ្នាតធំប្រហែល ២,៥០០ គ្រឿងបានចូលក្នុងទីក្រុងបាងកកជារៀងរាល់ថ្ងៃហើយបានបំពុលឧស្ម័នចេញមកក្រៅ។ អាជ្ញាធរថៃអំពាវនាវឲ្យពលរដ្ឋមិនមានភាពចាំបាច់កុំចាកចេញក្រៅផ្ទះ និងពាក់ម៉ាស់រាល់ពេលចាកចេញពីលំនៅដ្ឋាន៕