ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី និងឃាត់ខ្លួនមនុស្សបានជិត៤០នាក់ ដោយភាគច្រើនបញ្ជូនទៅកាន់ពន្ធនាគារ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីក្មេងទំនើងដែលបង្ក្រាបបាននេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ក្រចេះ ស្វាយរៀង និងខេត្តកំពត។ បើតាមលោកបណ្ឌិត ទូច សុឃៈ លទ្ធផលនៃការបង្ក្រាបក្មេងទំនើងនេះ ផ្តើមចេញពីការយកចិត្តទុកដាក់របស់សមត្ថកិច្ច ព្រមទាំងការចូលរួមសហការពីប្រជាពលរដ្ឋ។
អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំជាប្រចាំឱ្យសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបង្ក្រាបឱ្យបានក្រុមក្មេងទំនើង ដើម្បីបញ្ជូនខ្លួនឱ្យតុលាការផ្តន្ទាទោស និងនាំទៅឃុំនៅពន្ធនាគារ។ លោកក៏បានណែនាំដល់អគ្គនាយកដ្ឋានពន្ធនាគារត្រៀមលក្ខណៈទទួលឃុំក្រុមក្មេងទំនើងផងដែរ។
ក្នុងពិធីបិទសន្និបាតរដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២១ ខែមករា ប្រមុខក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្រ្តីយកចិត្តទុកដាក់បំផុសឱ្យប្រជាពលរដ្ឋជាអាណាព្យាបាល បង្កើនការអប់រំ ទូន្មាន ប្រៀនប្រដៅកូនចៅរបស់ខ្លួន និងត្រូវរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ប្រសិនបើដឹងថាកូនចៅរបស់ខ្លួនកំពុងដើរចូលកន្លងក្មេងទំនើងប្រដៅមិនស្ដាប់ ឬសង្ស័យពាក់ព័ន្ធនឹងការសេពគ្រឿងញៀន ក្នុងន័យដើម្បីរួមគ្នាតម្រង់ផ្លូវពួកគេ ចៀសវាងទុករហូតកើតមានបញ្ហាកាន់តែធំ៕