Cc times  web banner kh

សមត្ថកិច្ចកម្ពុជា ជួយសង្រោះបុរសសញ្ជាតិអាម៉េរិកម្នាក់ចាប់ជំរិតពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២១ ខែមករានេះ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះឈ្មោះ YU EMIL ភេទប្រុស សញ្ជាតិអាម៉េរិក ដើមកំណើតចិនតៃវ៉ាន់ ត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងកម្ពុជា។

ក្នុងសេចក្តីប្រកាស គូសបញ្ជាក់ថា សមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកភ្លាមៗ រហូតឈានដល់រកឃើញ ជនរងគ្រោះ និងសង្គ្រោះអោយរួចផុតពីក្រុមឧក្រិដ្ឋជនដែលមានបណ្តាញចាត់តាំងនៅប្រទេសថៃ ក្រោយទទួលបានព័ត៌មានពីក្រុមគ្រួសារតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ជនរងគ្រោះបានចាញ់បោកក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់នៅប្រទេសថៃ លួងលោម បោកបញ្ឆោតអោយធ្វើដំណើរចេញពីខេត្តសៀងហៃប្រទេសចិន មកប្រទេសថៃ ដើម្បីចូលរួមកម្មវិធីសម្ពោធហាងនំមួយកន្លែងនៅទីក្រុងបាងកក ហើយត្រូវបានក្រុមឧក្រិដ្ឋជនដាក់ថ្នាំ រួចដឹកបញ្ជូនមកកម្ពុជា បង្ខាំងទុក ធ្វើទារុណកម្ម និងជំរិតទារប្រាក់។

ក្រោយអន្តរាគមន៍សង្គ្រោះជនរងគ្រោះបានដោយសុវត្ថិភាព ក្រុមប្រតិបត្តិការនៃគណៈបញ្ជាការ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិនតៃវ៉ាន់ដូចគ្នាក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលទទួលខុសត្រូវ លើការគ្រប់គ្រងជនរងគ្រោះមិនអោយរត់គេច និងធ្វើទារុណកម្ម ដើម្បីអោយបណ្តាញឧក្រិដ្ឋជននៅ ប្រទេសថៃធ្វើការទំនាក់ទំនងជាមួយក្រុមគ្រួសារទារប្រាក់ដោះដូរនឹងសុវត្ថិភាពរបស់ជនរងគ្រោះ។

បច្ចុប្បន្នជនរងគ្រោះកំពុងស្ថិតក្រោមការគ្រប់គ្រង តាមដានសុខភាពពីសមត្ថកិច្ចនគរបាលជាតិកម្ពុជា និងត្រៀមរៀបចំបែបបទប្រគល់ជូនតំណាងស្ថានទូតអាម៉េរិក ដើម្បីគ្រប់គ្រងបន្តនិងរៀបចំបែបបទចាកចេញ ពីកម្ពុជា។ ចំពោះក្រុមឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ និងមេក្លោង ដែលមានអង្គការចាត់តាំងនៅប្រទេសថៃ សមត្ថកិច្ចជំនាញ នៃក្រុមប្រតិបត្តិការកំពុងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណយ៉ាងហ្មត់ចត់ និងអាច ឈានទៅសហការជាមួយសមត្ថកិច្ចថៃ ដើម្បីកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មនេះទាំងស្រុង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង