ភ្នំពេញ៖ ឧកញ៉ា បាខាល់ បុប្ផាគន្ធ អគ្គនាយិកាហាងមាសពេជ្រ បុប្ផាគន្ធ ត្រូវបានប្រកាសក្លាយជាសមាជិកទ្រទ្រង់ថ្មី នៃសមាគមឧកញ៉ាកម្ពុជា។សមាគមឧកញ៉ាកម្ពុជា ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ និង អបអរសាទរ ចំពោះវត្តមានរបស់ ឧកញ៉ា បាខាល់ បុប្ផាគន្ធ។
គួរបញ្ជាក់ថា ឧកញ៉ា បាខាល់ បុប្ផាគន្ធ ត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ ជា «ឧកញ៉ា» នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។
លោកជំទាវ ត្រូវបានគេស្គាល់ថាជា «ម្ចាស់ហាងពេជ្រ បុប្ផាគន្ធ»ដែលបានបើកលក់ចំនួន៣ជំនាន់ ហើយបច្ចុប្បន្ននេះ គឺជំនាន់ទី៣ ដែលបន្ត ទិញ-លក់គ្រឿងអលង្ការគ្រប់ប្រភេទ ទទួលស្គាល់ពីស្ថាប័នពេជ្រ GIA អន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មី ២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និង មានហាងសម្ព័ន្ធចំនួន៤ហាងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ។
មុនទទួលគោរមងារ ជា «ឧកញ៉ា» ឧកញ៉ាវ័យក្មេងរូបនេះ បានចូលរួមក្នុងសកម្មភាពជួយសង្គមជាច្រើន តាមរយៈកៀរគរថវិកាសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជួយសង្គ្រោះដល់កុមារក្រីក្រដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និង បង្កើតជាមូលនិធិបុប្ផាគន្ធផ្ទាល់ខ្លួន ដើម្បីជួយដល់យុវជន ជាពិសេសនិស្សិតក្រីក្រមកពីទីជនបទ តាមរយៈផ្តល់ជាអាហារូបករណ៍សម្រាប់សិក្សានៅសាកលវិទ្យាល័យ៕