ភ្នំពេញ៖ ក្រសួងអប់រំប្រកាសទទួលពាក្យប្រកួត «គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥» ដើម្បីស្វែងរកជ័យលាភី ៣រូប ធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា។
បើតាមសេចក្តីជូនដំណឹង នៃក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែង «គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥» នឹងផ្ដល់ឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេសដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។
ដើម្បីអាចដាក់ពាក្យបាន គ្រូបង្រៀនត្រូវមានគ្រប់លក្ខខណ្ឌដូចខាងក្រោម៖
លក្ខខណ្ឌជ្រើសរើស
- ជាជនជាតិខ្មែរ និងកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- ជាគ្រូបង្រៀន ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន
- មានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រដល់ការបង្រៀននិងរៀន និងការសិក្សាស្រាវជ្រាវ
- មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះ
ជាពិសេស ជ័យលាភី ៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែល ព្រឹត្តិការណ៍នេះមាន កម្មវិធីចម្រុះ រួមមាន ការធ្វើបទបង្ហាញរបស់វាគ្មិនជាតិនិងអន្តរជាតិលើបរិវត្តកម្មឌីជីថលសម្រាប់ការអប់រំ កិច្ចពិភាក្សា យុទ្ធសាស្ត្រអប់រំឌីជីថលសម្រាប់សាលារៀន ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជន ការប្រកួត ប្រជែងគ្រូបង្រៀនផ្នែកបច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថល ដែលអ្នកចូលរួមទាំងអស់អាចប្រកួតប្រជែងសមត្ថភាព និងចំណេះដឹងផ្នែកឌីជីថលនៅក្នុង ព្រឹត្តិការណ៍នេះ។
សម្រាប់ ព័ត៌មានលម្អិតនៃការដាក់ពាក្យ សូមចូលទៅកាន់តំណភ្ជាប់ https://edtechcambodia.org/edtechteacher2025 និងដាក់ពាក្យឱ្យបានមុន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០ល្ងាច ។
គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំ យុវជន និង កីឡានឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការ អប់រំឌីជីថល” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕