Cc times  web banner kh

សាកលវិទ្យាល័យខេមតិច ប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៤-២០២៥ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ក្រោមអធិបតីភាពរបស់ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនេះ លោកបណ្ឌិត សាន វឌ្ឍនា បានមានប្រសាសន៍ថា សម្រាប់រយៈពេល៤ឆ្នាំកន្លងមកនេះសាកលវិទ្យាល័យខេមតិច បានវិវិត្តន៍ខ្លួនគួរឱ្យកត់សម្គាល់ហើយក៏កំពុងបំពេញសកម្មភាពរបស់ខ្លួនឆ្ពោះទៅមុខ ដើម្បីឱ្យស្របទៅតាមគោលបំណងនិងទិសដៅជាគ្រឹះស្ថានឧត្តមសិក្សា ដែលបណ្តុះបណ្តាលនិស្សិតលើមុខជំនាញដែលគាំទ្រដល់ការអភិវឌ្ឍន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថលដែលផ្តោតសំខាន់លើសហគ្រិនភាព និង ការស្រាវជ្រាវនវានុវត្តន៍ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងវិស័យរដ្ឋនិងឯកជន។

ក្នុងនោះ មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ (AI Lab for Education) ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យខេមតិច ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Cogniser និងដៃគូសំខាន់ៗជាច្រើនទៀតដើម្បីរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្រ្តទិន្នន័យដល់និស្សិត និងគាំទ្រដល់ការសិក្សាស្រាវជ្រាវនវានុវត្តន៍ថ្មីៗផងដែរ។

នៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៤-២០២៥នេះ សាស្រ្តាចារ្យបណ្ឌិតឃៀង សុធី  សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចបានបង្ហាញថា កម្មវិធីនេះគឺ (១)ស្វាគមន៍និស្សិតសម្រាប់ឆ្នាំសិក្សាថ្មី(២)ពង្រឹងទំនាក់ទំនងរវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក ដៃគូឧស្សាហកម្មនិងអាណាព្យាបាលនិស្សិត(៣)ប្រគល់ប័ណ្ណសរសើរជូននិស្សិតឆ្នើម (៤)ពិធីប្រគល់ប័ណ្ណអាហារូបករណ៍ដោយតំណាងដៃគូ (៥)ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិតសម្រាប់ការអប់រំ ជាផ្លូវការ។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថាការចូលរួមនេះគឺជាការឆ្លុះបញ្ចាំងពីការគាំទ្រនិង ឆន្ទៈរួមដំណើរដ៏មុតមាំរបស់ដៃគូទាំងអស់ដែលមិនអាចខ្វះបានជាមួយ សាកលវិទ្យាល័យខេមតិចក្នុង ទិសដៅលើកកម្ពស់ ការអប់រំឧត្តមសិក្សាប្រកបដោយគុណភាព។

គួរបញ្ជាក់ផងដែរថា ខេមតិច គឺជាសាកលវិទ្យាល័យថ្មី ដែលមានមហិច្ឆតាផ្ដល់ឱ្យនិស្សិតនូវ៖“មាគ៌ាឆ្ពោះទៅរកការទទួលស្គាល់ជាសកល និង បទពិសោធន៍សិក្សាប្រកបដោយឧត្តមភាពកម្រិតពិភពលោក”។

 

បច្ចុប្បន្នសាកលវិទ្យាល័យខេមតិចត្រូវបាន ទទួលស្គាល់និងគាំទ្រលើគុណភាពនៃការបណ្តុះបណ្តាលពីសំណាក់ រាជរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងសាធារណជនទូទៅយ៉ាងទូលំទូលាយ។ សាកលវិទ្យាល័យខេមតិចបានខិតខំពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយសាកលវិទ្យាល័យ និងក្រុមហ៊ុននានាទាំងក្នុងតំបន់និងពិភពលោក។

តាមរយៈកិច្ចសហប្រតិបត្តិការនានានិស្សិតនៃសាកលវិទ្យាល័យនេះបានទទួលឱកាស ផ្លាស់ប្តូរ បទពិសោធន៍សិក្សា ការប្រកួតប្រជែង និងការហាត់ការងារនៅតាមបណ្តាក្រុមហ៊ុនដូចជា ធនគារកាណាឌីយ៉ា  ក្រុមហ៊ុនOCIC ក្រុមហ៊ុនអាយ អេស អាយ(ISI) និងសាកលវិទ្យាល័យក្រៅប្រទេសរួមមាន ប្រទេសសហរដ្ឋអាមេរិក ហូឡង់ ចិន ថៃ  ម៉ាឡេស៊ី ឥណ្ឌូនេស៊ី៕

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង