ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ក្នុងរយៈពេល ១១ខែកន្លងទៅនេះយើងបានសម្រេចការងារជាច្រើន ហើយក៏ស្ថិតក្នុងចំណុចដែលអាចចាប់ផ្ដើមសារជាថ្មីនូវកិច្ចការថែរក្សាមរតកដូនតា និងអាចឈានជើងទៅរៀបចំតំបន់បេតិកភណ្ឌអង្គរទាំងមូលផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យសម្លឹងងាកទៅរកការកសាងអនាគតនៃតំបន់បេតិកភណ្ឌអង្គរ ហើយលោកយល់ឃើញថាអ្វីដែលយើងបានធ្វើកន្លងមកនេះគឺទទួលបានលទ្ធផលល្អហើយ ថ្វីបើវាមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយក្តី។
ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ស្នើសុំឱ្យមានការពិគ្រោះយោបល់និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនេះហើយនឹងធ្វើរបាយការណ៍មួយដាក់ជូនសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យនិងសម្រេចដែលរបាយការណ៍នេះលោកឧបនាយករដ្ឋមន្រ្តី និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះហត្ថលេខាជាមួយគ្នានិងបានផ្ញើជូនលោកជំទាវនូវសេចក្តីព្រាងរបាយការណ៍នេះ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងត្រូវពង្រឹងស្មារតីឯកភាពផ្ទៃក្នុង ជំនឿទុកចិត្តនិងសាមគ្គីភាពទូលំទូលាយក្នុងការគ្រប់គ្រងតំបន់អង្គរ ដែលមានន័យថាអាជ្ញាធរ ក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមការងារថ្នាក់ជាតិ និងគណបក្សប្រជាជនកម្ពុជាត្រូវឯកភាពគ្នាលើបញ្ហានេះ។ ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំយោបល់ពីសម្ដេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំយោបល់ពីសម្ដេច ហ៊ុន ម៉ាណែត ស្នើសុំយោបល់ពីសម្ដេច ទៀ បាញ់ ក្នុងនាមជាប្រធានក្រុមការងារគណបក្ស និងបានពិគ្រោះយោបល់ជាមួយលោកស្រី ភឿង សកុណា អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបផងដែរ ហើយយើងត្រូវរក្សាជំហានទៅមុខលើជំហរឯករាជ្យម្ចាស់ការ។
លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ដើម្បីកសាងផែនការអនាគតក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរឱ្យកាន់តែល្អប្រសើរនោះ គឺត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង ១១៤ ភូមិ, កែសម្រួលលក្ខខណ្ឌនៃការប្រើប្រាស់ដី, ចុះបញ្ជីតំបន់បេតិកភណ្ឌ, រៀបចំគោលនយោបាយលើកទឹកចិត្តជំរុញការអភិវឌ្ឍន៍លំនៅឋានរុនតាឯកនិងពាក់ស្នែងឱ្យបានរួចរាល់, រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍និងខ្សែទស្សនាទេសចរណ៍, ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រនិងការអភិវឌ្ឍន៍ផងដែរ ដែលទាំងនេះគឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀតទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ៕