ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា និង ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចបានអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គំាពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅ ម៉ាឡេស៊ី បានយ៉ាងកក់ក្តៅដូចជាពលរដ្ឋរបស់ខ្លួនដូច្នេះដែរ។ សម្តេចបានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ីជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុននិងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ដល់សិស្សនិស្សិតនិងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើន ដើម្បីក្លាយជាធនធាននៅក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោកបណ្ឌិត បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ម៉ាឡេស៊ីបាន រួមសហការការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា លើគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាគូសបញ្ជាក់ថាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅម៉ាឡេស៊ី ជាពលរដ្ឋសកម្ម ស្មោះត្រង់ និងបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍនៅម៉ាឡេស៊ី។
ឆ្លើយតបនឹងសំណើរបស់សម្តេចប្រធានរដ្ឋសភា លោកបណ្ឌិតបានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត មកម្ពុជា ហើយបញ្ហាអាហារូបករណ៍ក៏ដូច្នេះដែរ។ លោកបណ្ឌិត តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា អ្នកវិនិយោគម៉ាឡេស៊ីដែលកំពុងបណ្តាន់ទុននៅកម្ពុជា បានបង្ហាញក្តីសប្បាយរីករាយនិងកក់ក្តៅ ជាទីបំផុត ដោយទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាកម្ពុជា។
ក្នុងនាមជាប្រធានអាយប៉ាលើកទី៤៦ លោកបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី បានជូនលិខិតអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី នៅចុងឆ្នាំ២០២៥នេះ។ លោកបណ្ឌិតបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភាកម្ពុជានៅក្នុងមហាសន្និបាតអាយប៉ា ហើយថាវត្តមានគណៈប្រតិភូសភាកម្ពុជាជាកិត្តិយសធំធេង របស់ម៉ាឡេស៊ី។
សម្តេចរដ្ឋសភាធិបតី បានអបអរសាទរ និងគាំទ្រពេញទំហឹងចំពោះប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និង៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ពិសេសជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្ដរសភាអាស៊ាន(AIPA)លើកទី៤៦។
សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ា ដោយមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបទពិសោធន៍ស៊ីជម្រៅរបស់ម៉ាឡេស៊ី នឹងសម្រេចបានជោគជ័យ និងទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ពីមហាសន្និបាតអន្តរសភាអាស៊ាននេះ៕