ប៉ាឡេស្ទីន៖ ជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ បានរៀបចំពិធីអបអរសាទរនៃការសម្រេចរវាង ក្រុមហាម៉ាស់ និង អ៉ីស្រាអែលដែល បានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ នឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំង«មួយចំនួន»ដែលត្រូវបានចាប់ខ្លួនដោយក្រុមសកម្មប្រយុទ្ធនេះជាងមួយឆ្នាំ។ជាបទឈប់បាញ់មួយក្រោយពីសង្គ្រាមនេះ បានអូសបន្លាញអស់រយៈពេលប្រមាណជា ១៥ ខែ។
ប្រជាពលរដ្ឋនៃប្រទេសប៉ាឡេស្ទីនរាប់លាននាក់ បានប្រមូលផ្តុំគ្នាដើម្បីសម្តែងការអបអរសាទរ ចំពោះការសម្រេចចិត្តឱ្យមានបទឈប់បាញ់គ្នារវាងអ៉ីស្រាអែល និង ក្រុមហាម៉ាស់ និងបានបើកផ្លូវឱ្យពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការផ្លាស់ទីលំនៅ និង ការអត់ឃ្លានអស់រយៈពេលច្រើនខែដោយគេចពីគ្រាប់ផ្លោង។
ក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មានចិន ចេញផ្សាយដោយ CCTV ពលរដ្ឋប៉ាឡេស្ទីនម្នាក់បានសម្តែងក្តីសប្បាយរីករាយ ព្រោះថារយៈពេលជាង១៥ខែមកនេះ ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់រងទុក្ខវេទនា ដោយសារសង្គ្រាមនេះ គឺសាហាវឃោរឃៅសម្លាប់ជនស៊ីវិលដោយគ្មានប្រណីដៃ។ពលរដ្ឋទាំងអស់គុណព្រះជាម្ចាស់របស់ពួកគេ និង ភាគីពាក់ព័ន្ធដែលជំរុញឱ្យមានបទឈប់បាញ់នៅពេលនេះ។
ភ្លាមៗក្រោយពីមានបទឈប់បាញ់ ជំនួយមនុស្សធម៌នឹងហូរចូលក្នុងពេលឆាប់ៗនេះ ដោយមានរថយន្តដឹកទំនិញចូលតំបន់ហ្គាហ្សា ដើម្បីស្ដារចរន្តអគ្គិសនីនៅក្នុងតំបន់។ជនភៀសខ្លួនប៉ាឡេស្ទីន នៅកណ្តាលហ្គាហ្សាស្ទ្រីប បានចាត់ទុកបទឈប់បាញ់នេះ ជាប្រវត្តិសាស្ត្ររបស់ពួកគេ។
គួរបញ្ជាក់ថា ក្រុមហាម៉ាស់ និង អ៉ីស្រាអែល បានសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលនឹងនាំឱ្យមានការដោះលែងចំណាប់ខ្មាំង«មួយចំនួន»ដែលត្រូវបានចាប់ខ្លួន។ដំណឹងនេះត្រូវបានសាទរដោយអាម៉េរិក អឺរ៉ុប និងសហគមន៍អន្តរជាតិជាច្រើនទេ។មូលដ្ឋាននៃសំណើបទឈប់បាញ់នេះនឹងមានជាច្រើនដំណាក់កាល ហើយមន្ត្រីអាមេរិក៣នាក់បានបញ្ជាក់ទៅកាន់សារព័ត៌មាន the Associated Press ថា ចំណាប់ខ្មាំង«មួយចំនួន»នឹងត្រូវដោះលែងឱ្យមានសេរីភាព៕