ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹត្យភាព ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានលោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រមាណ៧០០នាក់ផងដែរ។
យោងតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា សម្រាប់បេក្ខជនប្រមាណ៧០០នាក់នេះ សុទ្ធតែជាកូនចៅប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ក្រុង ស្រុក និងខណ្ឌនោះផ្ទាល់តែម្ដង ពោលគឺមិនមែនជាអ្នកមកពីស្រុក ឬខេត្តឆ្ងាយនោះឡើយ។ លោកបន្ថែមថា ការប្រឡងជ្រើសរើសបានយ៉ាងដូច្នេះ គឺជាលទ្ធផលនៃកំណែទម្រង់នគរបាលជាតិ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ណែនាំឱ្យអនុវត្តការប្រឡងជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ដោយផ្ដល់អាទិភាពឱ្យបេក្ខជនដែលមានមូលដ្ឋាននៅទីនោះស្រាប់ ដ្បិតពួកគេជាអ្នកស្គាល់ច្បាស់ពីភូមិសាស្រ្ត និងចិត្តសាស្រ្តប្រជាជន ហើយក៏គ្មានហេតុផលអ្វីត្រូវសុំផ្លាស់ចេញក្រោយការតាំងស៊ុបនោះដែរ។
លោកបញ្ជាក់ថា បើយោងតាមលទ្ធផលជាប់ស្ថាពរដែលត្រូវបានប្រកាសផ្សាយកាលពីពេលថ្មីនេះ សម្រាប់ក្របខណ្ឌមន្រ្តីនគរបាលជាតិ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទាំងប្រមាណ៧០០នាក់នោះ ខេត្តកំពង់ឆ្នាំងមាន៥៩នាក់ កណ្ដាល៦៤នាក់ ក្រចេះ៣០នាក់ កំពង់ស្ពឺ៦២នាក់ កោះកុង៦នាក់ ប៉ៃលិន៥នាក់ តាកែវ៦០នាក់ បាត់ដំបង៦៨នាក់ ពោធិ៍សាត់៧៧នាក់ ព្រះសីហនុ១៥នាក់ មណ្ឌលគិរី២នាក់ រតនគិរី៦នាក់ រាជធានីភ្នំពេញ៩៤នាក់ សៀមរាប៨៣នាក់ ស្វាយរៀង៤៣នាក់ និងឧត្តរមានជ័យ៣៧នាក់។
លោក បានលើកឡើងទៀតថា មុនចេញទៅបំពេញការងារនៅប៉ុស្តិ៍នគរបាលដែលខ្លួនប្រឡងជាប់ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាល និងជាប់កម្រិតបឋមវិជ្ជាជីវៈនគរបាល ដឹកនាំរៀបចំដោយបណ្ឌិត្យសភានគរបាលជាតិ ដោយមានសាលានគរបាលជាតិតាមបណ្ដាភូមិភាគជាសេនាធិការ៕