Cc times  web banner kh

ក្រសួងអប់រំ ជ្រើសរើសកុមារី ចូលរួមកម្មវិធី Technovation កម្ពុជា ២០២៥

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសកុមារី ចូលរួមកម្មវិធី Technovation Cambodia ឆ្នាំ២០២៥ ដែលមានវ័យ ចាប់ពី ០៨ ដល់ ១៨ឆ្នាំ ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

បើតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធី Technovation Cambodia គឺជាកម្មវិធីប្រកួតប្រជែងដែលផ្តោតសំខាន់ទៅលើការលើកទឹកចិត្ត​កុមារី និងយុវនារីកម្ពុជា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ ជាពិសេសកុមារីដែលមានវ័យ ចាប់ពី ០៨ ដល់ ១៨ឆ្នាំ ឱ្យចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាព តាមរយៈការបង្ហាញគំនិតច្នៃប្រឌិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហា កើតមានក្នុងសហគមន៍។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី របស់សិស្សជ័យលាភី ថ្នាក់ជាតិក្នុងកម្មវិធីTechnovation Girls Cambodia 2024

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Technovation Cambodia 

កម្មវិធីប្រកួតប្រជែងក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ច Technovation កម្ពុជា ២០២៥ (Technovation Cambodia 2025) នឹងប្រព្រឹត្តទៅចាប់ពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ខែសីហា ឆ្នាំ២០២៥។ ដើម្បីឆ្លើយតបទៅ នឹងបរិបទនៃការអប់រំបែបឌីជីថល វគ្គបណ្តុះបណ្តាល ១២សប្តាហ៍នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ចាប់ផ្តើមពី ខែមករា ដល់ខែមេសា ឆ្នាំ២០២៥ លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាព ដោយផ្តោត សំខាន់លើជំនាញ៖ Ideation, Coding, Entrepreneurship, Pitching និង Artificial Intelligence (AI) ។បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលក្រុមកុមារីត្រូវផ្ញើកម្មវិធីទូរសព្ទដៃ ដែលបានអភិវឌ្ឍគម្រោងអាជីវកម្ម និងវីដេអូខ្លី ទៅក្នុងគេហទំព័រ Technovation Global ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។

គោលបំណង នៃកម្មវិធីនេះ គឺដើម្បីចូលរួមគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ប្រទេសកម្ពុជា និងបង្កើនបរិមាណកុមារី ឱ្យចាប់ យកការសិក្សាលើជំនាញកុំព្យូទ័រ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធីព័ត៌មានវិទ្យា អ្នកច្នៃប្រឌិត បង្កើតដំណោះស្រាយថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា ចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញលទ្ធផល សម្រេចបានរបស់កុមារី តាមរយៈកម្មវិធីប្រកួតប្រជែង Technovation កម្រិតអន្តរជាតិនេះ។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី របស់សិស្សជ័យលាភី ថ្នាក់ជាតិក្នុងកម្មវិធីTechnovation Girls Cambodia 2024

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Technovation Cambodia 

សម្រាប់លក្ខខណ្ឌចូលរួមតម្រូវឱ្យកុមារី មានគ្រប់លក្ខខណ្ឌដូចខាងក្រោម៖

- ក្មេងស្រីមានអាយុចាប់ពី ០៨ ដល់ ១៨ឆ្នាំ

- ត្រូវបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ០៣-០៥នាក់

- ជាសិស្សដែលកំពុងរៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន

- មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវ

- ត្រូវចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១២សប្តាហ៍

- មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន អាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួតប្រជែង

ប្រសិនបើ កុមារី និងយុវនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីប្រកួតប្រជែង Technovation កម្ពុជា២០២៥ សូមដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://my.technovationchallenge.org/signup ចាប់ពីថ្ងៃផ្សាយ ដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ។

ដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសសិង្ហបុរី របស់សិស្សជ័យលាភី ថ្នាក់ជាតិក្នុងកម្មវិធីTechnovation Girls Cambodia 2024

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក Technovation Cambodia 

គួរបញ្ជាក់ផងដែរថា អត្ថប្រយោជន៍ទទួលបានពីការប្រកួតនេះមានដូចជា​ អាចអភិវឌ្ឍជំនាញបច្ចេកវិទ្យា ភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាព ផ្តល់ជំនាញដល់កុមារីកម្ពុជាដើម្បីត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍ បង្ហាញពីសក្តានុពលនៃភាពជោគជ័យរបស់ស្ត្រីវ័យក្មេង លើផ្នែកបច្ចេកវិទ្យា និងសហគ្រិនភាព អាចចេះធ្វើការងារជាក្រុម ទទួលបានពានរង្វាន់ជ័យលាភីថ្នាក់ជាតិ ព្រមទាំង ទទួលបានលិខិតសរសើរ ពីក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍ Technovation កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង