Cc times  web banner kh

ព្រឹទ្ធសភាកម្ពុជា សម្រេចអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា ក្នុងសម័យប្រជុំជាវិសាមញ្ញ នៅថ្ងៃទី១៤ ខែមករានេះ បានសម្រេចអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន ជាពិសេសឱ្យស្របទៅនឹងបរិបទនៃការរីកចម្រើន និងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយរបស់ព្រឹទ្ធសភានីតិកាលទី៥។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យនិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាមប្រការ ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន ២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។ ការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្របទៅនឹងតួនាទីរបស់ព្រឹទ្ធសភា ដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន»។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិមួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុសត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតខ្ពស់របស់ សម្តេច ហ៊ុន សែន និងដើម្បីធានានូវការអនុវត្តមុខងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចសង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា និងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយរបស់ព្រឹទ្ធសភានីតិកាលទី៥។

តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី អញ្ជើញមកការពារសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដឹកនាំដោយលោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងសហការី។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយមានសំឡេងគាំទ្រចំនួន ៥៩សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង