វៀតណាម៖ វិស័យនាំចេញអង្ករនៅប្រទេសវៀតណាមបច្ចុប្បន្ន កំពុងតែជួបនូវបញ្ហាធ្លាក់ថ្លៃទាបមិនធ្លាប់មាននូវរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលនាំឱ្យប៉ះពាល់ដល់ប្រជាកសិករ និង ម្ចាស់អាជីវកម្ម វៀតណាមមួយចំនួនធំ។
បណ្តាញសារព័ត៌មានវៀតណាម VnExpress បានរាយការណ៍ថា តម្លៃអង្កររបស់វៀតណាមមានកម្រិតបាក់ (ចុងអង្ករ)៥% បានធ្លាក់ចុះពី ៦៦៣ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន មកនៅត្រឹមតែ ៤៣៤ដុល្លារប៉ុណ្ណោះ។ ស្ថានភាពនេះកើតឡើងស្របពេលមាននិន្នាការធ្លាក់ចុះប្រហាក់ប្រហែលគ្នានេះនៅក្នុងប្រទេសនាំចេញអង្ករផ្សេងទៀតដូចជា ថៃ ឥណ្ឌា និង ប៉ាគីស្ថាន ហើយត្រូវបានគេរំពឹងទុកថា ថ្លៃអង្ករនឹងបន្តធ្លាក់ចុះបន្ថែមទៀតនៅក្នុងឆ្នាំ២០២៥នេះ។
បើតាមប្រភពដដែល ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃនាំចេញអង្កររបស់វៀតណាម គឺដោយសារកត្តាជាច្រើន រួមទាំងប្រទេសនាំចូលអង្ករធំៗបានអនុវត្តគោលនយោបាយកាត់បន្ថយការនាំចូល ការជៀសវាងការទិញទំនិញក្នុងតម្លៃខ្ពស់ និង ក្នុងករណីខ្លះថែមទាំងប្រកាសផែនការបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំ២០២៥ទៀតផង។
តំណាងសមាគមស្បៀងអាហារបាននិយាយថា ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលជាអ្នកទិញអង្ករសំខាន់ទាំងពីររបស់វៀតណាម បានបង្កើនការនាំចូលរបស់ពួកគេនៅឆ្នាំ២០២៤ ដើម្បីធានាសារពើភ័ណ្ឌរយៈពេលខ្លីសម្រាប់សន្តិសុខស្បៀងអាហារ។ ជាលទ្ធផល បច្ចុប្បន្នពួកគេមិនប្រញាប់ប្រញាល់ទិញអង្កររបស់វៀតណាមទេ ហើយកំពុងរង់ចាំតម្លៃធ្លាក់ចុះបន្ថែមទៀត។
តម្លៃអង្ករធ្លាក់ចុះពីវៀតណាម និង អ្នកនាំចេញសកលផ្សេងទៀត ទំនងជានឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ ២០២៥ ដោយសារការប្រកួតប្រជែងពីតម្លៃអង្ករថោករបស់ឥណ្ឌា។អ្នកជំនាញវៀតណាមមួយចំនួន យល់ថាដើម្បីរក្សា និងពង្រីកទីផ្សារ ប្រទេសនាំចេញអង្ករទាំងអស់ នឹងត្រូវអនុវត្តយុទ្ធសាស្រ្តទីផ្សារដែលអាចបត់បែនបាន ដោយផ្តោតលើការកែលម្អគុណភាពផលិតផល និង ស្វែងរកទីផ្សារថ្មី៕