ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងបើកទទួលពាក្យសម្រាប់ការប្រកួតប្រជែង «អ្នកវិទ្យាសាស្ត្រឆ្នើមកម្ពុជាឆ្នាំ២០២៥» នៅក្នុងទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) » ឆ្នាំ២០២៥។
បើតាមគេហទំព័រនៃក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ឆ្នាំ២០២៥ ជាឆ្នាទី៣ ដែល ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) » ត្រូវបានរៀបចំឡើង ដែលជាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យមួយនៅក្នុងប្រទេសកម្ពុជា ហើយគំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះធ្វើឡើងទាន់ពេលវេលាសម្រាប់ការលើកកម្ពស់ វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
អាស្រ័យហេតុនេះ ប្រសិនបើអ្នកជាអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវពាក់ព័ន្ធផ្សេងទៀតនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យដើម្បីចូលរួមក្នុងការប្រកួតប្រជែងនេះឱ្យបានមុនថ្ងៃផុតកំណត់នៃការទទួលពាក្យគឺថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៥។
ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានគ្រប់លក្ខខណ្ឌដូចខាងក្រោម៖
១) មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងជាអ្នកស្រាវជ្រាវដែលកំពុងរស់នៅកម្ពុជា ហើយមានគាំទ្រដោយតំណាងស្ថាប័នរបស់ខ្លួន ព្រឹទ្ធបុរស ឬប្រធាននាយកដ្ឋាន។
2) ជាអ្នកស្រាវជ្រាវ ដែលធ្លាប់បានធ្វើបទបង្ហាញនៅក្នុងសន្និសីទក្នុងស្រុក ឬអន្តរជាតិ។
3) មានភ្ជាប់ជាមួយនឹងលិខិតអនុសាសន៍មួយពីអ្នកស្រាវជ្រាវដែលនៅក្នុងវិស័យនេះ
4) មានការបោះពុម្ពផ្សាយនៅក្នុងសៀវភៅសិក្សាដែលទទួលបានការពិនិត្យ ឬជំពូកសៀវភៅពីអ្នកបោះពុម្ពដែលទទួលស្គាល់។
5) មានបទពិសោធន៍ក្នុងការណែនាំការងារគម្រោង និស្សិតស្រាវជ្រាវ ឬនិក្ខេបបទនៅថ្នាក់អនុបណ្ឌិត ឬបណ្ឌិត ឬគ្រប់គ្រងគម្រោងក្នុងឧស្សាហកម្ម ដែលគាំទ្រដោយភស្តុតាងដូចជា របាយការណ៍ ការបោះពុម្ពដែលត្រូវបានពិនិត្យនៅក្នុងវេទិកាជាតិ ឬអន្តរជាតិ
6) ធ្លាប់បានរង្វាន់ ជំនួយ ឬអាហារូបករណ៍ពីអង្គការល្បីឈ្មោះសម្រាប់ការរួមចំណែកពិសេសក្នុងវិស័យឯកទេសនេះ
7) មានថតវីដេអូខ្លីមួយ (5-10 នាទីអតិបរមា 500MB) បង្ហាញពីសកម្មភាពស្រាវជ្រាវ ការរួមចំណែក និងសមិទ្ធិផលដែលបង្ហាញពីការច្នៃប្រឌិត ផលប៉ះពាល់ កិច្ចសហការ ឬចក្ខុវិស័យនាពេលអនាគត
៨) គ្មានការបំពានលើក្រមសីលធម៌វិជ្ជាជីវៈ និងបទឧក្រិដ្ឋ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ គោលការណ៍ណែនាំ ឬការដាក់ពាក្យ ឬខិត្តប័ណ្ណ និងQR Code ដូចដែលមាននៅក្នុងរូបភាពខាងលើ។
គួរបញ្ជាក់ផងដែរថា បេក្ខជនដែលបានជ័យលាភីនឹងត្រូវបានអញ្ជើញឱ្យចូលរួមធ្វើបទបង្ហាញនៅក្នុងកម្មវិធី ទិវាជាតិ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៦ មីនា ២០២៥៕