ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បាននិងកំពុងរៀបចំកិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍ ជាលើកដំបូងនៃអតីតសមាជិកកម្មវិធី YSEALI ស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋ ដែលរៀបចំធ្វើពីថ្ងៃទី ៩ ដល់ ១២ ខែមករា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ផ្តោតលើចំណុចខ្លាំងរវាងទំនាក់ទំនងប្រជាជននិងប្រជាជន និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក លើសសរស្តមសង្គមសេដ្ឋកិច្ច ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាម៉េរិក-អាស៊ាន។
កិច្ចប្រជុំកំពូលយុវជនអាស៊ីអាគ្នេយ៍ មានអ្នកចូលរួមជាយុវជនចំនួន ១៧៥នាក់ មកពីបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសទីម័រលេស្ត ដើម្បីឱ្យពួកគេបានផ្លាស់ប្តូរគំនិតយោបល់ រៀនសូត្រពីគ្នា ដើម្បីចូលរួមធ្វើការសហគមន៍ កសាងនូវសមត្ថភាព និងសហការគ្នាលើគម្រោងការចូលរួមសង្គមនានាទាំងក្នុងស្រុកនិងតំបន់។ តាមរយះកិច្ចប្រជុំនេះ យុវជនមានឱកាសធ្វើការអនុវត្តជាក់ស្តែងតាមរយៈ ការចុះតាមទីកន្លែងនានា ដូចជាស្ថានទូតអាម៉េរិក ស្ថាប័នរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល និងសហគ្រាសមួយចំនួនទៀត នៅរាជធានីភ្នំពេញ។
លោកស្រី Bridgette L. Walker ភារធារីស្ថានទូតអាម៉េរិក មានប្រសាសន៍ថា៖ «កិច្ចប្រជុំកំពូលអ្នកផ្លាស់ប្តូរអាស៊ីអាគ្នេយ៍ នៃកម្មវិធី YSEALI ជាការឆ្លុះបញ្ចាំងពីការជួយគាំទ្រជាយូរអង្វែងរបស់សហរដ្ឋអាម៉េរិក លើការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន នៅក្នុងតំបន់ ដែលនេះជាព្រឹត្តិការណ៍លើកដំបូងក្នុងការប្រារព្ធខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតសហរដ្ឋអាម៉េរិក និងប្រទេសកម្ពុជានៅក្នុងឆ្នាំ ២០២៥នេះ។ តាមរយៈកម្មវិធី YSEALI យើងបន្តការផ្តល់ភាពអង់អាចដល់យុវជនជាអ្នកដឹកនាំនាពេលអនាគត ដើម្បីលើកកម្ពស់នូវការភ្ជាប់ទំនាក់ទំនងគ្នាដ៏រឹងមាំ បង្កើតបាននូវអនាគតដែលមានភាពធន់ មានការចូលរួម និងមានចីរភាពសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សហរដ្ឋអាម៉េរិក និងពិភពលោក»។
គួរបញ្ជាក់ថា កម្មវិធី YSEALI បង្កើតនៅឆ្នាំ ២០១៣ ជាកម្មវិធីចម្បងរបស់រដ្ឋាភិបាលអាម៉េរិក ដើម្បីពង្រឹងនូវការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងបណ្តាញនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានកំណើនសមាជិកដល់ទៅ ១៥៥០០០នាក់។ កម្មវិធីនេះ មានគោលបំណងបង្កើនសមត្ថភាពភាពជាអ្នកដឹកនាំដល់យុវជននៅក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយនូវបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក៕