ភ្នំពេញ៖ កញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (American University of Phnom Penh - AUPP) និងជាអតីតជ័យលាភី Huawei's Seeds for the Future កម្ពុជាឆ្នាំ២០២៤ ដែលត្រូវបានជ្រើសរើសជា ទូតសុឆន្ទៈពិភពលោក (Global Ambassador) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែងដែលមានការវាយតម្លៃយ៉ាងម៉ត់ចត់ និងឈានដល់ការប្រកួត ប្រជែងវគ្គផ្តាច់ព្រ័ត្រជាមួយបេក្ខជនមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កញ្ញា ហ៊ុត ម៉ីឡាង ត្រូវបានប្រកាសជា «ទូតសុឆន្ទៈពិភពលោក» មួយរូបក្នុងចំណោម ១២ រូប មកពីតំបន់នានាជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៥។ ក្នុងតួនាទីជា ទូតសុឆន្ទៈពិភពលោក នេះ កញ្ញា ហ៊ុត ម៉ីឡាង មានបេសកកម្មជាតំណាងយុវជនតំបន់ អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំនិងចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ឬវេទិកាអន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយតំបន់នានា ដើម្បីបញ្ជ្រាបការធ្វើបរិវត្តកម្មឌីជីថលលើពិភពលោក។
កញ្ញា ហ៊ុត ម៉ីឡាង ជាអតីតសិស្សនិទ្ទេស A នៃឆ្នាំសិក្សា ២០២២ ហើយបានទទួលអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កញ្ញា ហ៊ុត ម៉ីឡាង ធ្លាប់បានចូលរួមកិច្ចការសង្គម កម្មវិធីបណ្តុះបណ្តាល និងកម្មវិធីប្រកួតប្រជែងជាច្រើនតាំងពីកម្រិតវិទ្យាល័យមកទល់នឹងបច្ចុប្បន្ន រួមមាន មេដាយមាស កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងការប្រកួតប្រជែងផ្នែកផែនដីវិទ្យាឆ្នាំ២០២១ រៀបចំដោយ ក្លឹបធរណីវិទ្យាកម្ពុជា និង ជ័យលាភីលេខ១ ក្នុងការប្រកួត Faulkner Challenge Championship ឆ្នាំ២០២៤ រៀបចំដោយសាកលវិទ្យាល័យ រដ្ឋហ្វតហេយស៍ (Fort Hays State University) របស់សហរដ្ឋអាម៉េរិក ជាដើម៕