ភ្នំពេញ៖ លោក KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការប្ដេជ្ញានេះ បានធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ លោករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជា នឹងកាន់តែរីកចម្រើនបន្ថែមទៀត។ លោកក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ២០២៣។ សម្ដេច បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត និងលោករដ្ឋមន្ត្រី ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ, ឌីជីថល, សហគ្រាសធុនតូច និងមធ្យម (SMEs), ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕