ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ។ ការប្រកាសយកថ្ងៃទី២៤ ខែកញ្ញា ជាថ្ងៃប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ ត្រូវបានធ្វើឡើងតាមរយៈសារាចរចុះថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។
ក្នុងសារាចរស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» បានគូសបញ្ជាក់ថា រយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ក្រោមម្លប់នៃសុខសន្តិភាពនិងឯកភាពជាតិ អាស្រ័យដោយ មាននយោបាយឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលធម្មនុញ្ញដ៏ថ្លៃថ្លាលើគ្រប់វិស័យ ជាអាទិ៍ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី អារ្យធម៌អង្គរដ៏បវរ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរ។
ក្នុងបរិបទដ៏ថ្លៃថ្លានេះ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រមួយ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ និងត្រូវបានសម្ពោធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដោយនៅពេលនោះព្រះអង្គបានប្រោសប្រទានព្រះបរមរាជឱង្ការថា «វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋាន ដ៏ពិសិដ្ឋតំណាងឱ្យ និមិត្តរូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយនៅព្រះរាជាណាចក កម្ពុជាយើង»។ ហើយព្រះអង្គបានសំណូមពរថា «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបានយ៉ាងដូច្នេះ សូមប្រជាជាតិខ្មែរទាំងមូល តាំងចិត្តក្នុងសម្មាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នា ថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង»។
គោរពអនុវត្តតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងដោយនាពេលកន្លងមក ក៏ដូចជា នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជាទិវាប្រកាសរដ្ឋធម្មនុញ្ញដូចមានចែងក្នុង អនុក្រឹត្យស្ដីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖
១- កំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
២- គ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដែលត្រូវរៀបចំ ដោយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ ដោយឡែក គ្រប់មន្ទីរ អង្គភាពនានា នៅ រាជធានីនិងតាមបណ្តាខេត្ត ត្រូវរៀបចំប្រារព្ធ ពិធីគោរពរដ្ឋធម្មនុញ្ញ តាមទីតាំងនិងលទ្ធភាពជាក់ស្តែង។
៣- គ្រប់ក្រសួង ស្ថាប័ន ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន ព្រមទាំងបណ្តាញផ្សព្វផ្សាយនានា ត្រូវប្រើប្រាស់គ្រប់មធ្យោបាយដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរដ្ឋធម្មនុញ្ញ និងប្រវត្តិ ទាក់ទងនឹងការបង្កើតរដ្ឋធម្មនុញ្ញ ក្នុងគោលដៅបំផុសស្មារតីគោរព ការពារ លើកតម្កើង និងប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។