
ឡូសអេនជឺលេស៖ អាជ្ញាធរអាម៉េរិកនៅថ្ងៃទី ៨ ខែមករានេះបានធ្វើការជម្លៀសពលរដ្ឋដែលកំពុងតែរស់នៅឡូសអេនជឺលេសប្រមាណជាង ៣ម៉ឺននាក់ចេញពីទីតាំងភ្លើងកំពុងតែឆាបឆេះព្រៃប្រមាណជាង ៣០០០ ហិកតា។ វីដេអូដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកគេឃើញមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងតំបន់ឡូសអេនជឺលេសដោយបានបំផ្លាញផ្ទះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រជាជនអាម៉េរិក។ គិតត្រឹមរសៀលថ្ងៃពុធនេះនៅមិនទាន់មានរបាយការណ៍លំអិតអំពីអ្នកដែលរងគ្រោះ និងចំនួនផ្ទះសម្បែងដែលរងការខូចខាតឡើយ។

បើតាមអាជ្ញាធរអាម៉េរិកភ្លើងបានឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅថ្ងៃ ពុធទី ៨ មករា ដោយបង្ខំឲ្យពលរដ្ឋដែលរស់នៅក្នុងតំបន់ឆាបឆេះជាង ៣ម៉ឺននាក់ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន។ អាជ្ញាធរអាម៉េរិកបានបញ្ជូនក្រុមពន្លត់អគ្គិភ័យ និងយន្តហោះពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅតំបន់ដែលឆាបឆេះដើម្បីធ្វើការពន្លត់។ តាមការសន្និដ្ឋានបច្ចុប្បន្នភ្លើងបានលេបត្របាក់ផ្ទៃដីប្រមាណ ៣ពាន់ហិកតា ដែលបណ្តាលឲ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាតទាំងស្រុង ដោយភ្លើងឆាបឆេះលឿនខ្លាំងដោយសារតែឥទ្ធិពលខ្យល់នៅតំបន់នោះនាំភ្លើងទៅឆាបឆេះនៅតំបន់ក្បែរជាច្រើនទៀត៕

