Cc times  web banner kh

យុទ្ធនាការ «យាត្រា» ដើរថ្មើរជើង១៥ថ្ងៃ ទៅកាន់សៀមរាប ដើម្បីរៃអង្គាសប្រាក់បរិច្ចាគចូលមន្ទីរពេទ្យកុមារអង្គរ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុទ្ធនាការ «យាត្រា» ជាការដើរថ្មើរជើងចម្ងាយ ៥២៨គីឡូម៉ែត្រ រយៈពេល ១៥ថ្ងៃ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ឆ្លងកាត់ខេត្តចំនួន ០៧ ដើម្បីចូលរួមគាំទ្រ ផ្សព្វផ្សាយនូវយុទ្ធនាការៃអង្គាសថវិកាដែល ជាការឧបត្ថម្ភពីមហាគ្រួសារខ្មែរ រួមគ្នាដើម្បីជួយដល់កុមារដែលកំពុងសម្រាក និងទទួលការព្យាបាលក្នុង មន្ទីរពេទ្យកុមារអង្គរ ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក WALK - Across Cambodia

បើតាមគេហទំព័រហ្វេសប៊ុកនៃ WALK - Across Cambodia បានឱ្យដឹងថា «យាត្រា» គឺយុទ្ធនាការរៃអង្គាសថវិការបស់ក្រុមស្មគ្រ័ចិត្ត WALK - Across Cambodia ដើម្បីជួយដល់កុមារក្នុងមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងខេត្តសៀមរាប ដែលកំពុងត្រូវការជំនួយមួយចំនួន។ ថវិកានៃការបរិច្ចាគទាំងអស់ នឹងប្រើដើម្បីទិញនូវសម្ភារៈ ឧបករណ៍ដាក់ដែកអបឆ្អឹង (Large Fragment Set) និងបរិក្ខារពេទ្យ ដែលនឹងអាចជួយព្យាបាល សង្គ្រោះកុមាររងរបួសធ្ងន់ធ្ងរ និងរបួសប៉ះទង្គិច អាចក្រោកដើរចេញពីគ្រែពេទ្យ អាចរត់លេង និងអាចដើរទៅរៀនដូចកុមារដទៃ។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក WALK - Across Cambodia

យុទ្ធនាការ «យាត្រា» កើតចេញពី អ្នកស្ម័គ្រចិត្តមួយក្រុមឈ្មោះថា WALK - Across Cambodia ជាក្រុមអ្នកស្ម័គ្រចិត្ត អ្នកគាំទ្រអំពើល្អ ការងារសង្គម សប្បុរសធម៌ ឬយុទ្ធនាការរៃអង្គាសថវិកានានា ដែលនឹងជួយសម្រួលដល់សេចក្តីត្រូវការចាំបាច់ណាមួយក្នុងសហគមន៍ មន្ទីរពេទ្យ សាលារៀន ឬទីកន្លែងដែលនៅឆ្ងាយ តំបន់មានកង្វះខាត ក្នុងស្រុកហើយយើងក៏ចូលរួមផ្សព្វផ្សាយ លើកកម្ពស់អំពី សុខមាលភាព ការរស់នៅស្អាត ការអប់រំក្រៅប្រព័ន្ធ និងបរិស្ថាន។ ជាពិសេស ជនបង្គោល ០៤រូប របស់ យាត្រា យុទ្ធនាការ ដើម្បីឱ្យកុមារដើរ  លោក រ៉ាន់ ខេមរៈ,  លោក ឆូយ ប៊ុនសុខហេង,  លោក អ៊ីវ សុណុច ,  លោក ធួន មហាសាល។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក WALK - Across Cambodia

បើតាមការផ្សព្វផ្សាយជាសាធារណៈនៃ Walk Across Cambodia បានឱ្យដឹងផងដែរថា យោងតាមទិន្នន័យរបស់មន្ទីរពេទ្យកុមារអង្គរបច្ចុប្បន្ន នៅមានកុមារច្រើននាក់កំពុងសម្រាកព្យាបាល នៅផ្នែកជំងឺធ្ងន់ធ្ងរ សង្គ្រោះបន្ទាន់ និងការវះកាត់ធំ។ មន្ទីរពេទ្យខ្វះខាតថវិកាមួយចំនួន ដើម្បីទិញសម្ភារៈបរិក្ខារពេទ្យមួយចំនួនដូចបានជម្រាបជូនខាងលើ សរុបជាទឹកប្រាក់ចំនួន ១៥០.០០០ ដុល្លារអាមេរិក។

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក WALK - Across Cambodia

គួរកត់សម្គាល់ផងដែរថា យុទ្ធនាការដើរថ្មើរជើងនេះ មានចម្ងាយ ៥២៨គីឡូម៉ែត្រ ដែលមានរយៈពេល ១៥ថ្ងៃ រាប់ពីថ្ងៃទី ៧ ខែធ្នូ ២០២៤ រហូតដល់ ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ។ ការដើរថ្មើរជើងនេះផងដែរ ចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ ០៥ ឆ្លងកាត់ខេត្តចំនួន ០៧ គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីចូលរួមគាំទ្រ ផ្សព្វផ្សាយនូវយុទ្ធនាការៃអង្គាសថវិកាដែល ជាការឧបត្ថម្ភពីមហាគ្រួសារខ្មែរ រួមគ្នាដើម្បីជួយដល់កុមារដែលកំពុងសម្រាក និងទទួលការព្យាបាលក្នុង មន្ទីរពេទ្យកុមារអង្គរ៕

ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក WALK - Across Cambodia


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង