![](https://cdn.cc-times.com/kh.cc-times.com/media/57712/large/470053079_122108190992645392_219336136955902195_n.jpg?1736060932)
ភ្នំពេញ៖ យុវជនមួយក្រុម បង្កើតគម្រោងដែលមានឈ្មោះថា «ជិះស៊ីក្លូ» មានបេសកកម្មដើម្បីបង្កើតអនុស្សាវរីយ៍ដល់អ្នកចូលរួម តាមរយៈការផ្សារភ្ជាប់អ្នកចូលរួមទៅនឹងវប្បធម៌របស់ទីក្រុងភ្នំពេញ និងគាំទ្រដល់អ្នកបើកស៊ីក្លូក្នុងស្រុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ មករា ២០២៥ វេលាម៉ោង ១ ដល់ ៥:៣០ ល្ងាច។
បើតាមគេហទំព័រ JisCyclo-ជិះស៊ីក្លូ គម្រោង «ជិះស៊ីក្លូ» ជាគម្រោងមួយដែលបង្កើតឡើងដើម្បីផ្តល់បទពិសោធន៍ដល់អ្នកចូលរួមដោយការជិះស៊ីក្លូជុំវិញទីតាំងសំខាន់ៗនៅក្នុងរាជធានីភ្នំពេញ និងជួយដល់អ្នកបើកស៊ីក្លូតាមរយៈការលក់សំបុត្រ ការបរិច្ចាគ និងជំនួយសហគមន៍។
![](https://cdn.cc-times.com/kh.cc-times.com/media/57707/large/471595396_122111137460645392_1340642471218274217_n.jpg?1736060622)
ប្រភព៖ គេហទំព័រហ្វេសប៊ុក JisCyclo-ជិះស៊ីក្លូ
យោងតាមគេហទំព័រ JisCyclo-ជិះស៊ីក្លូ បានឱ្យដឹងថា ក្រុមការងាររៀបចំគម្រោងមានដូចជា កញ្ញា សុខ លីលីន កញ្ញា សុខ ពណ៌ជូ កញ្ញា ខូវ ម៉ីម៉ី កញ្ញា ឡុង ហ្សានីតា និងកញ្ញា ង៉ែត សៀកយ៉េង កញ្ញា សំ ដេលី ព្រមទាំងយុវជនស្ម័គ្រចិត្តជាច្រើននាក់ដែលត្រូវបានជ្រើសរើសកាលពីថ្មីៗនេះ នៅថ្ងៃទី ២៨ ធ្នូ២០២៤ ដោយក្រុមការងារសហស្ថាបនិកផងដែរ។
![](https://cdn.cc-times.com/kh.cc-times.com/media/57708/large/472311266_122111888438645392_2865043640672509142_n.jpg?1736060626)
កាលពីថ្ងៃទី ០៤ មករា ២០២៥ ក្រុមការងារបានចាប់ផ្តើមបើកលក់សំបុត្រជាផ្លូវការ ដែលមានតម្លៃ សម្រាប់អ្នកដែលទិញត្រឹមថ្ងៃ ០៦ មករា នឹងមានតម្លៃត្រឹមតែ ៣៥០០០ រៀល តែប្រសិនបើទិញធម្មតានាពេលក្រោយ មានតម្លៃ ៤០០០០ រៀល ។ ក្នុងសំបុត្រមានផ្តល់ជូនដូចជា ដំណើរទស្សនកិច្ចក្នុងបរមរាជវាំង , ការមានសកម្មភាពកម្សាន្ត ការផ្តល់អាហារសម្រន់ និងភេសជ្ជៈ ព្រមទាំង មានផ្តល់ជូនជាវិញ្ញាបនបត្រនៃការចូលរួមផងដែរ។
![](https://cdn.cc-times.com/kh.cc-times.com/media/57709/large/471766116_122111138048645392_7811061093543392718_n.jpg?1736060636)
ដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ មករា ២០២៥ វេលាម៉ោង ១ ដល់ ៥:៣០ ល្ងាច។ ប្រសិនបើមានចំណាប់អារម្មណ៍ក្នុងការចូលរួមចំណែកនៅក្នុងសកម្មភាពមួយនេះ សូមចុះឈ្មោះតាមរយៈតំណភ្ជាប់ https://shorturl.at/lJCcA ។
គួរបញ្ជាក់ផងដែរថា គម្រោង «ជិះស៊ីក្លូ» មានបេសកកម្មដើម្បីបង្កើតអនុស្សាវរីយ៍ដល់អ្នកចូលរួម តាមរយៈការផ្សារភ្ជាប់អ្នកចូលរួមទៅនឹងវប្បធម៌របស់ទីក្រុងភ្នំពេញ និងគាំទ្រដល់អ្នកបើកស៊ីក្លូក្នុងស្រុក៕
![](https://cdn.cc-times.com/kh.cc-times.com/media/57711/large/469325576_122107081418645392_1269522012726544651_n.jpg?1736060646)
![](https://cdn.cc-times.com/kh.cc-times.com/media/57710/large/469366079_122107081298645392_9101451104503257523_n.jpg?1736060640)