Cctimesw1140xh150cm copy

កម្ពុជា-គុយបា ជំរុញការផ្លាស់ប្តូរ និងចែករំលែកជំនាញវេជ្ជសាស្ត្រ ជាពិសេស លើឯកទេសព្យាបាលជំងឺមហារីក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ កម្ពុជាអរគុណចំពោះការគាំទ្ររបស់គុយបា ដែលបានប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការផ្លាស់ប្តូរ និងចែករំលែកជំនាញវេជ្ជសាស្ត្រ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃជំនួបសម្តែងការគួរសម របស់លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។

នៅក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច កម្រិតខ្ពស់ ជាពិសេស ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន សែន នៅប្រទេសគុយបា និងដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីនៃប្រទេសគុយបានៅកម្ពុជា ក្នុងឆ្នាំ២០២២ ដែលបានផ្តល់គុណតម្លៃយ៉ាងខ្លាំងបន្ថែម ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង រវាងកម្ពុជា និងគុយបា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន ព្រមទាំង បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបាន ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការ ផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជសាស្ត្រ។

លោក ឧបនាយករដ្ឋមន្ត្រី និង លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានពិភាក្សាអំពីការប្រារព្ធខួប លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា តាមរយៈការរៀបចំសកម្មភាពរួមគ្នា នានា ប្រកបដោយអត្ថន័យខ្លឹមសារ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម និងបានបញ្ជាក់ជាច្រើន នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រគ្នាទៅវិញ ទៅមកនៅលើឆាកអន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង