Cctimesw1140xh150cm copy

លោក ហ៊ុន ម៉ានី៖ពលរដ្ឋកម្ពុជាមាន«ភ័ព្វសំណាង»បានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី ​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមករា បានថ្លែងថា ប្រជារាស្រ្តកម្ពុជា មានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។លោកបានប្តេជ្ញាចិត្ត ការពាររាល់សមិទ្ធផលទាំងឡាយ ដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់លោកនៅថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី ប្រធានយុវជនដ៏ធំរបស់កម្ពុជា សសយក បានគូសបញ្ជាក់ថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។សំណាងដោយព្រះអង្គ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និង សុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។

លោក ហ៊ុន ម៉ានី ថ្លែងថា ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងឱ្យយុវជនកម្ពុជាដ៏ធំមួយតែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទីរបស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។ 

ជាមួយគ្នានោះលោកសូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានដល់ទូលបង្គំយើងខ្ញុំបានរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំងដែលបានបង្ហាញនូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ។

លោកប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ទូលព្រះបង្គំយើងខ្ញុំដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង