Cctimesw1140xh150cm copy

«សត្វក្រៀល»២២ក្បាលត្រូវបានប្រទះឃើញនៅតំបន់លំផាត់ មណ្ឌលគិរី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
រូបភាព៖ USAID-មរតកបៃតង

មណ្ឌលគិរី៖ សត្វក្រៀលចំនួន ២២ក្បាល ត្រូវបានប្រទះឃើញនៅតំបន់លំផាត់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាចំនួនបំបែកកំណត់ត្រាសម្រាប់ឆ្នាំ ២០២៤។ នេះបើយោងតាមការផ្សាយរបស់អង្គការ USAID-មរតកបៃតង នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

ក្រុមការងារតាមដានជីវៈចម្រុះនៅដែនជម្រកសត្វព្រៃលំផាត់របស់អង្គការ USAID មរតកបៃតង បានធ្វើការតាមដាន និងប្រទះឃើញសត្វក្រៀលចំនួន២២ក្បាលក្នុងនោះមានកូនទើបនឹងធំចំនួន៨ក្បាល នៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ ចំនួននេះ គឺជាចំនួនលើសពីពេលណាៗទាំងអស់ដែល បានប្រទះឃើញនៅក្នុងដែនជម្រក និងលើសពីការប្រទះឃើញនៅក្នុងរដូវកាលឆ្នាំមុន ដែលក្រុមការងារបានតាមដានឃើញតែចំនួន ១៦ក្បាលប៉ុណ្ណោះ។

សត្វក្រៀលទាំង ២២ក្បាល រួមទាំងកូនៗដ៏គួរឱ្យស្រឡាញ់របស់ពួកវាទាំងនេះ ត្រូវបានសង្កេតឃើញហោះហើរលេង ស្រែកឆ្លើយឆ្លង និងស្វែងរកចំណីយ៉ាងរីករាយ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ដែលជាកំណត់ត្រាថ្មីមួយនៅក្នុងរដូវកាលឆ្នាំ២០២៤។ ដែនជម្រកសត្វព្រៃលំផាត់ បានក្លាយជាទីតាំងដ៏ពេញនិយមមួយក្នុងចំណោមតំបន់ដ៏តិចតួចប៉ុណ្ណោះ នៅក្នុងតំបន់មេគង្គ ដែលសត្វក្រៀលបានជ្រើសរើសបន្តពូជ ចិញ្ចឹមកូន និងស្នាក់នៅនារដូវរងារ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះសត្វក្រៀលត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទកំពុងទទួលរងការគំរាមកំហែង ក៏ប៉ុន្តែប្រភេទសត្វក្រៀលនៅអាស៊ីអាគ្នេយ៍ ដែលរួមបញ្ចូលសត្វក្រៀលតំបន់ទន្លេមេគង្គផងដែរនោះ កំពុងឈានទៅរកការផុតពូជ ប្រសិនបើមិនមានការការពារទេនោះ ដោយពួកវាត្រូវបានគេរកឃើញថាមានកាច់សំបុកចំនួនប្រហែលតិចជាង ៥០ សំបុកប៉ុណ្ណោះកាលពីឆ្នាំមុន ដោយសារការបាត់បង់ទីជម្រក និងកត្តាគម្រាមកំហែងផ្សេងៗទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង