681 ezgif.com resize
Swift cc time

មនុស្ស៤១នាក់«ពុលអាហារ»ក្រោយប្រទះឃើញមានបាក់តេរីច្រើនលើសលុប និងកង្វះអនាម័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

ព្រះសីហនុ៖ ករណីពុលអាហារនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែងក្នុងក្រុងព្រះសីហនុ ។ អ្នកជំនាញបានបង្ហាញថា ការពុលអាហារនេះបង្ករឡើងដោយមានវត្តមានបាក់តេរីជាច្រើនប្រភេទលើសកម្រិតសុវត្ថិភាព រួមទាំងកង្វះអនាម័យផលិត។

យោងតាមការពិនិត្យរបស់មន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. បានពិនិត្យលើសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន ១២គំរូ ដោយបានរកឃើញ វត្តមានបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើសកម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។

គួរបញ្ជាក់ថា បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគសញ្ញាមួយចំនួនដូចជា ក្អួតចង្អោរ ចុកពោះ និង រាគរូសជាដើម។ អ្នកជំនាញក៏បានបញ្ជាក់ថា វត្តមាននៃបាក់តេរីទាំងពីរប្រភេទនេះបង្ហាញថា ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ៕


Khcct banner

អត្ថបទទាក់ទង