ភ្នំពេញ៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងឱ្យដឹងថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅវេលាអស្ដង្គតចាប់ពីម៉ោង ៣រសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។
យោងតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍«សាទរកម្ពុជា»បានបញ្ជាក់ថា ព្រឹត្តិការណ៍«សាទរកម្ពុជា»ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ«អត្តសញ្ញាណ»ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន«មោទនភាព»ក្នុងភាពជាប្រជាជាតិមួយ។
ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍«សាទរកម្ពុជា»ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ«មោទនភាព»ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ«អត្តសញ្ញាណ»នៃប្រជាជាតិ និងប្រជាជន និង«ការអបអរសាទរ»ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម«ទង់នៃព្រះរាជាណាចក្រកម្ពុជា»ដោយការរួបរួម៕