រាជធានីភ្នំពេញ៖ នាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ សហការជាមួយអង្គការយូនីសេហ្វ រៀបចំកម្មវិធី "ប្រកួតប្រជែងថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេមឆ្នាំ២០២៤" ដែលជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិលេីកទី១ នៅកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។
“កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម” ត្រូវបានរៀបចំឡើងដើម្បីផ្តល់មូលដ្ឋានគ្រឹះនៃការអប់រំបច្ចេកវិទ្យាដល់ក្មេងស្រី លើកកម្ពស់ការចូលរួម និងការឈោងចាប់អាជីព កាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា បញ្ជ្រាបឧស្សាហកម្ម Game Education ក្នុងវិស័យអប់រំ កែប្រែក្មេងស្រីមិនត្រឹមតែជាអ្នកប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែក្លាយជាអ្នកបង្កើតប្រកបដោយនវានុវត្ត។
ដំណាក់កាលទី១នៃកម្មវិធីនេះមានការចូលរួមប្រកួតពី៣៥ក្រុម មកពីសាលាគោលដៅអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋានចំនួន៤០សាលា។
បន្ទាប់ពីធ្វើការចម្រាញ់ក្រុមដែលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័តចំនួន៨ក្រុម ដោយចែកចេញពីរកម្រិត ៤ក្រុមអនុវិទ្យាល័យ និង ៤ក្រុមទៀតកម្រិតវិទ្យាល័យ មកពីខេត្តចំនួន ៥ គឺ សៀមរាប បាត់ដំបង ស្ទឹងត្រែង តាកែវ និងកំពង់ចាម។
ដំណាក់កាលទី២ក្រុមទាំង ៨ បានប្រកួត នាថ្ងៃទី ២៨ ធ្នូ ២០២៤ ក្រោយការប្រកួត ក្រុមកុមារីចំនួន៣ទទួលបានជ័យលាភីដូចខាងក្រោម៖
-ក្រុមដែលបានជ័យលាភីកម្រិតអនុវិទ្យាល័យគឺក្រុម SAMAKY មកសាលាអនុវិទ្យាល័យ ហ៊ុន សែន សាមគ្គី មកពី ខេត្តស្ទឹងត្រែង
-ក្រុមដែលបានជ័យលាភីកម្រិតវិទ្យាល័យគឺក្រុម Small Tec មកសាលាវិទ្យាល័យ សុខ អាន សំរោង មកពីខេត្តតាកែវ
-ក្រុមជ័យលាភី ប្រជាប្រីយភាព ផ្កាត្បូងទទឹម មកពីសាលាអនុវិទ្យាល័យ សុខអាន ចំបក់បិទមាស។
គួរបញ្ជាក់ផងដែរថា “កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម” ត្រូវបានរៀបចំឡើងដើម្បីផ្តល់មូលដ្ឋានគ្រឹះនៃការអប់រំបច្ចេកវិទ្យាដល់ក្មេងស្រី លើកកម្ពស់ការចូលរួម និងការឈោងចាប់អាជីព ដែលត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ និងអង្គការ UNICEF ៕