Cctimesw1140xh150cm copy

ម្ហូបអាហារនិងផលិតផលសក្តានុពលខ្មែរគ្រោងនឹងដាក់តាំងបង្ហាញនៅជប៉ុននាចុងខែកុម្ភៈឆ្នាំក្រោយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

(តូក្យូ, ជប៉ុន)៖ កម្ពុជាគ្រោងនឹងរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីម្ហូបអាហារខ្មែរ និងផលិតផលសក្តានុពលខ្មែរ ព្រមទាំងជំរុញការទូតម្ហូបអាហារខ្មែរ និងសកម្មភាពនាំចេញនាំចូលផលិតផលខ្មែរ ក្រោមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមសេចក្ដីប្រកាស នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីជួបពិភាក្សាការងារជាមួយតំណាងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (ASEAN-Japan Centre) អំពីការត្រៀមលក្ខណៈក្នុងការរៀបចំតាំងបង្ហាញម្ហូបអាហារខ្មែរ (Cambodia Foods Show) ដែលគ្រោងនឹងធ្វើឡើងនៅស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។

កម្មវិធីតាំងបង្ហាញនេះ នឹងមានរៀបចំការសម្ដែងការចម្អិនម្ហូបអាហារដោយចុងភៅខ្មែរមកពីប្រទេសកម្ពុជា ការសម្ដែងសិល្បៈរបាំ ការតាំងបង្ហាញផលិតផលខ្មែរ ការធ្វើបទបង្ហាញអំពីម្ហូបអាហារ និងសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសកម្មវិធី Food Tasting & Networking ដែលជាវេទិកាដ៏សំខាន់មួយ ក្នុងការបង្កើតឱ្យមានទំនាក់ទំនងធុរកិច្ចរវាងបណ្តាក្រុមហ៊ុនអ្នកចូលរួម និងភ្នាក់ងារទេសចរណ៍ជប៉ុន ក៏ដូចជាឱកាសមួយក្នុងការជំរុញអ្នកវិនិយោគជប៉ុន និងទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា ឱ្យកាន់តែកើនឡើងថែមទៀតផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង