ភ្នំពេញ៖ ការបើកឱ្យធ្វើចរាចរស្ពានអាកាស«មរតកតេជោ» ជាន់ទី១ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានបើកឲ្យដំណើរការជាបណ្ដោះអាសន្នទាំងស្រុងហើយនាពេលនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅជាន់ផ្ទាល់ដី និងងាយស្រួលដល់ក្រុមសាងសង់បំពេញការងាររបស់ខ្លួនបានលឿន និងអាចបញ្ចប់គម្រោងសាងសង់ បានទាន់ពេលវេលា។
ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេច ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ក្នុងជំហានទី២ បានឈានដល់ការធ្វើពិធី ភ្ជាប់ស្ពានហើយ ដែលពិធីតភ្ជាប់ស្ពាន (ស្ពានអាកាសជាន់ទី១) បានធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC។ ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ០៤ខែពោលគឺនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននូវលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។
គម្រោងស្ពានអាកាសថ្មីនេះ មានការសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់ រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេច ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេច ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេច ហ៊ុន សែន៕