Cctimesw1140xh150cm copy

ក្រសួងប្រកាសឱ្យប្រុងប្រយ័ត្ន ខណៈព្យុះថ្មីឈ្មោះ«ប៉ាប៊ូក»នឹងមានសម្ពាធលើកម្ពុជាថ្ងៃទី២៥-២៨ខែធ្នូ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពល ប្រព័ន្ធវិសម្ពាធ (Tropical Depression) ឬកូនព្យុះដែលត្រូវបានដាក់ឈ្មោះថា ប៉ាប៊ូក (PABUK T2426) បាននឹងកំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូងក្បែរប្រទេសវៀតណាមខាងត្បូង។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ កូនព្យុះប៉ាប៊ូក នឹងមានឥទ្ធិពលមកលើឆ្នេរភាគខាងត្បូងនៃប្រទេសវៀតណាម។ កម្ពុជានឹងទទួលឥទ្ធិពល ក្នុងកម្រិតពីតិចតួចទៅមធ្យមពីជ្រលងនៃកូនព្យុះប៉ាប៊ូកនេះ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈព្យុះនេះ នឹងនាំឱ្យស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មានការប្រែងប្រួលដោយ តំបន់វាលទំនាប៖ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០% ទៅ២០% និង មានខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី៩ម៉ែត្រ ទៅ១២ម៉ែត្រ/វិនាទី។ ខេត្តមួយចំនួនដូចជា ខេត្ត ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ តាកែវ កណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ។

តំបន់ខ្ពង់រាប៖ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០% ទៅ២០% និង មានខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី១១ម៉ែត្រ ទៅ១៤ម៉ែត្រវិនាទី តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្ត រតនគិរី ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក ។

ចំណែក តំបន់មាត់សមុទ្រ៖ មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់តិចតួច គ្របដណ្តប់លើផ្ទៃដីពី៥% ទៅ១០% និងមាន ខ្យល់ខ្លាំង(ឬខ្យល់កន្ត្រាក់) បក់ក្នុងល្បឿនពី១០ម៉ែត្រ ទៅ១៣ម៉ែត្រ/វិនាទី នៅតាមតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត ជួរភ្នំបូកគោ និងខេត្តកែប។ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម ណែនាំដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស ជាមួយនឹងខ្យល់ កន្ត្រាក់ និងរលកសមុទ្រ ដែលមានកម្ពស់ជាមធ្យម ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង