Cctime 6monthsfree desktop
Cc times  web banner kh (2)

តួប៉មនៅជ្រុងឦសាននៃ«ប្រាសាទព្រះគោ»អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានជុសជុលរួចរាល់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ តួប៉មប្រាសាទឥដ្ឋមានអាយុកាលជាង១ពាន់ឆ្នាំ ស្ថិតនៅជ្រុងឦសាននៃប្រាសាទព្រះគោ ត្រូវបានជុសជុលរួចរាល់ បន្ទាប់ពីចំណាយពេលប្រហែល ៧ខែ ក្នុងការជួសជុល ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានផ្លាស់ប្តូរមកជាមានភាពរឹងមាំ និងល្អប្រសើរឡើងវិញ។

លោក សារាយ គឹមហួល ប្រធានក្រុមអភិរក្សតំបន់រលួស បានឲ្យដឹងថា តួប៉មប្រសាទឥដ្ឋដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ ត្រូវបានជួសជុលពង្រឹងរចនាសម្ពន្ធទាំងមូលឡើងវិញ ដោយមានការជួសជុលផ្តែរ សសរផ្អោប ទ្វារបញ្ឆោតផ្នែកខាងលិច និងខាងជើង ព្រមទាំងដំបូល ហើយនៅតាមជ្រុងនីមួយៗក៏បានពង្រឹងដោយប្រើលក្ខណៈបច្ចេកទេសបិទបាយអ ដើម្បីការពារកុំឱ្យទឹកដក់ក្នុងប្រាសាទ។ ក្រុមអ្នកជំនាញក៏បានប្រើបច្ចេកទេសជួសជុលនៅតាមរន្ធទឹក ដែលមានស្នាមប្រេះ ដោយបិទរន្ធទឹកជាថ្មី ដើម្បីកុំឱ្យទឹកហូរចូលទៅក្នុងប្រាសាទ ជៀសវាងការខូចពុកផុយប្រាសាទផងដែរ។

ចំពោះការជួសជុលនេះ ឥដ្ឋចាស់ដែលពុកផុយ ឬឥដ្ឋដែលអាចបង្កឱ្យមានគ្រោះថ្នាក់ ត្រូវបានយកចេញ ហើយដាក់ឥដ្ឋថ្មីមួយចំនួនមកជំនួសនៅផ្នែកខាងក្នុងវិញ ហើយនៅផ្នែកខាងក្រៅ គឺប្រើឥដ្ឋចាស់ ដើម្បីបង្កើនភាពមាំនៃតួប្រាសាទ ព្រមទាំងរក្សាសោភ័ណភាពដើមបែបបុរាណដដែលទៀតផង។

គួរបញ្ជាក់ថា តួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំនេះ ទទួលរងការខូចខាតដោយបញ្ហាទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទដែលធ្វើឱ្យមានប្រតិកម្មជាមួយអាចម៍ប្រចៀវបង្កើតទៅជាជាតិអាស៊ីតម្យ៉ាង ហើយអាយុកាលចំណាស់របស់សំណង់ និងអាកាសធាតុ ក៏បានចូលរួមចំណែកធ្វើឲ្យសំណង់ឥដ្ឋនៅផ្នែកខាងក្នុងជាច្រើនមានពណ៌ខ្មៅហើយពុកផុយ ដែលទឹកភ្លៀងអាចហូរចូលបានយ៉ាងងាយធ្វើឱ្យរុក្ខជាតិជាច្រើនដុះលូតលាស់ផងដែរ។ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ត្រូវចំណាយពេល ៧ខែ ដែលចាប់ផ្តើមជួសជុលតាំងពីខែឧសភា ឆ្នាំ២០២៤ ហើយមកដល់ពេលនេះការជួសជុលត្រូវបានបញ្ចប់ដោយជោគជ័យជាស្ថាពរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង