Cctime 6monthsfree desktop
Cc times  web banner kh (2)

សាស្ត្រាចារ្យជំនាញ៖ចង់រឿងជំនាញ«រ៉ូប៉ូត»ត្រូវការភាពអត់ធ្មត់ជារឿងសំខាន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច បានរៀបចំសិក្ខាសាលាស្តីពី«មួយថ្ងៃក្នុងជីវិតរបស់វិស្វកររ៉ូបូត»នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ តាមរយះប្រព័ន្ធអនឡាញ(Zoom) ដែលបាននាំមកនូវវាយគ្មិនពីរូបដែលជាអ្នកជំនាញខាងរ៉ូបូត មកចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការសិក្សា ការងារ និងការស្រាវជ្រាវផងដែរ។

នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយសាកលវិទ្យាល័យខេមតិច បាននាំយកវាគ្មិននូវលោកបណ្ឌិត ឃុន គីមអាន ដែលជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនAI Farm និងលោក វឿន យុងអាន សាស្រ្តាចារ្យនៃសាកលវិទ្យាល័យខេមតិច បានមកពិភាក្សាបកស្រាយក្នុងប្រធានបទ ជីវិតជាវិស្វកម្មរ៉ូបូត។ សិក្ខាសាលានេះ វាគ្មិនបានជជែកពីជីវិតប្រចាំថ្ងៃរបស់លោកក្នុងជីវិតការងារជាវិស្វកម្មរ៉ូបូត តួនាទី ការរៀបចំពេលវេលា រួមទាំងចំណេះដឹងដើម្បីត្រៀមសម្រាប់យុវជនដែលមានបំណងក្នុងការរៀន និងចាប់យកអាជីបជាវិស្វកម្មរ៉ូបូតនេះ។

ក្នុងការពិភាក្សា លោកសាស្រ្តាចារ្យ វឿន យុងអាន បានចែករំលែកពីការត្រៀមខ្លួនដែលយុវជនគួរតែមាន ពោលគឺការសិក្សាជំនាញរ៉ូបូត មិនពឹងផ្អែកទាំងស្រុកលើការពូកែគណិតវិទ្យា ឬមុខវិទ្យាវិទ្យាសាស្រ្តនោះទេ គឺចាំបាច់នូវការមានចំណង់ចំណូលចិត្ត និងទេពកោសល្យខាងផ្នែកនេះជាមុនសិនដែលជាទុនសម្រាប់ចាប់ផ្តើម។ លោកក៏បានផ្តល់នូវដំបូន្នានមួយចំនួនសម្រាប់យុវជនដែលចាប់អារម្មណ៍ជំនាញនេះ គឺការរៀនជំនាញរ៉ូបូតត្រូវការការអត់ធ្មត់ជាខ្លាំង ព្រោះជំនាញនេះ ត្រូវសិក្សា ស្រាវជ្រាវ ពីវត្ថុ ឬបច្ចេកវិទ្យាថ្មីៗ ដែលសិស្សនឹងជាប់ការបរាជ័យច្រើនក្នុងជំហានសិក្សា និងតេសសាកល្បង។

ចំណែកឯលោកបណ្ឌិត ឃុន គីមអាន បានចែករំលែកពីទស្សនៈរបស់លោក ដោយលោកយល់ឃើញថាជំនាញវិស្វកម្មរ៉ូបូតបានជួយយ៉ាងច្រើនក្នុងសេដ្ឋកិច្ចជាតិ ដោយរ៉ូបូតអាចជួយក្នុងវិស័យបានច្រើនដូចជាវិស័យសុខាភិបាល កសិកម្ម ឧស្សាហកម្ម ។ល។ ហើយរ៉ូបូតអាចជួយបង្កើនការផលិតច្រើន និងរហ័សជាងមុនដែលអាចឲ្យប្រជាពលរដ្ឋអាចលក់ផលិតផលបានកាន់តែច្រើន ហើយសកម្មភាពជារង្វង់នេះនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិដើរដោយរលូន។ លោកក៏បានពន្យល់នូវចំនុចក្នុងការរើសបុគ្គលក្នុងវិស័យការងាររ៉ូបូតផងដែរ ដោយការជ្រើសរើសនឹងមើលទៅលើ ជំនាញ ការសិក្សា ភាពស្មោះត្រង់ និងភាពរៃឆ្លាតក្នុងការដោះស្រាយបញ្ហាផងដែរ ព្រោះការងារក្នុងវិស័យនេះត្រូវជួបបញ្ហាស្មុគស្មាញច្រើន ហើយត្រូវការជំនាញអាចដោះស្រាយបានល្អ និងទាន់ពេលវេលា។ ការណែនាំនេះ ជាគន្លឹះសំខាន់សម្រាប់យុវជនក្នុងការត្រៀមខ្លួនដើម្បីឈានជើងចូលក្នុងវិស័យការងារនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង