Cctimesw1140xh150cm copy

រដ្ឋមន្រ្តីសុខាភិបាល៖«សុខភាពភ្នែក»ជាគោលនយោបាយអាទិភាពទី១របស់ក្រសួងសុខាភិបាល

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តព្រះសីហនុ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលផ្នែកចក្ខុសាស្រ្ត ជាមុខវិជ្ជាដ៏មានសារៈសំខាន់ក្នុងសុខភាពសាធារណៈ ជាផ្នែកមួយនឹងធ្វើឱ្យមានការបម្រែបម្រួលជីវីតក្នុងការរស់នៅ។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីបើកសន្និបាតលើកទី២២ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ “នវានុវត្តន៍សុខភាពភ្នែក កសាងអនាគតរួមគ្នា” នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

បើតាមសេចក្ដីជូនដំណឹង សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវចំណេះដឹង បទពិសោធន៍ល្អៗ លទ្ធផលការស្រាវជ្រាវមកធ្វើបទបង្ហាញ ពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ ប្រកបដោយភាពឆ្នៃប្រឌិត និងបង្កើនការទំនាក់ទំនង ជាមួយក្រុមគ្រូពេទ្យ នៃបណ្តាប្រទេសជឿនលឿន ក្នុងការផ្លាស់ប្តូរ និងពាំនាំបទពិសោធន៍ល្អៗ ដល់សមាជិក សមាជិកា។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា វិស័យចក្ខុសាស្រ្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងការផ្តល់សេវាពិនិត្យថែទាំ និងព្យាបាលភ្នែកជូនប្រជាពលរដ្ឋ ការអភិវឌ្ឍន៍ធនធានមនុស្ស និងបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។ លោកបានថ្លែងអំណរគុណ ដល់ការចូលរួមគាំទ្រពីបណ្តាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងវិស័យសុខភាពភ្នែក ដែលឧបត្ថម្ភគាំទ្រ សហការជាមួយសមាគមគ្រូពេទ្យភ្នែកកម្ពុជា និងការអភិវឌ្ឍន៍សុខភាពភ្នែកនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោក ឈាង រ៉ា បានណែនាំដល់សមាគម ត្រូវជួយគាំទ្រ ដល់អ្នកជំនាន់ក្រោយ ដោយថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវមានស្មារតីទទួលខុសត្រូវ លូកចាប់កាន់ ហិតដោយផ្ទាល់ ដើម្បីស្វែងយល់ពីការពិត និងភាពច្បាស់លាស់នៃទំហំការងារ។ រដ្ឋមន្រ្តីសុខាភិបាលរូបនេះ ក៏បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវរួមគ្នាយកចិត្តទុកដាក់ ក្នុងការពង្រឹងការលើកកម្ពស់សុខភាពភ្នែកនៅកម្ពុជាផងដែរ។

រដ្ឋមន្រ្តីសុខាភិបាលបានបន្ថែមថា សុខភាពភ្នែក គឺជាគោលនយោបាយអាទិភាពទី១ របស់ក្រសួងសុខាភិបាល ដែលផ្នែកចក្ខុសាស្រ្ត ជាមុខវិជ្ជាដ៏មានសារៈសំខាន់ក្នុងសុខភាពសាធារណៈ ជាផ្នែកមួយនឹងធ្វើឱ្យមានការបម្រែបម្រួលជីវីតក្នុងការរស់នៅ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនកិច្ចសហការ និងសហប្រតិបត្តិការគាំទ្រពីដៃគូ ក្នុងការជួយពង្រឹងលើហេដ្ឋារចនាម្ព័ន្ធ សម្ភារៈ ការបណ្តុះបណ្តាលបច្ចេកទេស ការស្រាវជ្រាវ និងនវានុវត្តន៍ ជាពិសេសូមពិនិត្យលទ្ធភាពក្នុងការជម្រុញលើកទឹកចិត្ត ឱ្យមានជំនាញចក្ខុរោគ មន្ទីរពេទ្យនៅតាមបណ្តាខេត្ត ដោយត្រូវជំរុញឱ្យការជ្រើសរើសជំនាញផ្នែកចក្ខុសាស្រ្ត ក្នុងចំណោមជំនាញផ្សេងៗ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង