ត្បូងឃ្មុំ៖ កម្មវិធីប្រឡងចៀរជ័រកៅស៊ូ ប្រចាំឆ្នាំ២០២៤ បានចាប់ផ្ដើមដំណើរការនៅចំការកៅស៊ូជុប ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែធ្នូនេះ។ នេះជាការប្រឡងចៀរជ័រកៅស៊ូដំបូងបង្អស់ដែលអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំធ្វើ ដើម្បីចម្រាញ់ជ្រើសយកអ្នកចៀរជ័រកៅស៊ូ ដែលមានសមត្ថភាព និងជំនាញ។
កម្មវិធីនេះ បង្ហាញអំពីការយកចិត្ដទុកដាក់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះអនុវិស័យកៅស៊ូ ដើម្បីអភិវឌ្ឍយុទ្ធសាស្ត្រ ឈានទៅរក្សាបាននិរន្ដរភាពកម្លាំងពលកម្មតាមចម្ការកៅស៊ូ រក្សាសុខភាពដើមកៅស៊ូ រយៈពេលចៀរយកផលបានយូរ ត្រឹមត្រូវ ទទួលបានទិន្នផលខ្ពស់ និងផ្ដល់ក្ដីសង្ឃឹមដល់កម្មករចៀរជ័រឱ្យខិតខំប្រឹងប្រែងបំពេញការងារកាន់តែល្អ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែប្រសើរឡើង។
កម្មវិធីប្រឡង«ចៀរជ័រកៅស៊ូ»ប្រចាំឆ្នាំ២០២៤ មានបេក្ខជនចំនួន ៧១រូប មកពីក្រុមហ៊ុនវិនិយោគលើដំណាំកៅស៊ូចំនួន ៣៤ក្រុមហ៊ុន សហគមន៍កៅស៊ូគ្រួសារចំនួន៥ និងចំការកៅស៊ូគ្រួសារចំនួន១ មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពង់ធំ និងពោធិ៍សាត់ ដើម្បីឱ្យយល់ពីលក្ខខណ្ឌ និងនីតិវីធីនៃការប្រឡងចៀរជ័រកៅស៊ូ។
កម្មវិធីនេះ ក៏នឹងបង្ហាញនូវស្មារតីសាមគ្គីភាព ភាតរភាព និងជាឱកាសនៃការជួបជុំបងប្អូនកម្មករមកពីបណ្ដាក្រុមហ៊ុន សហគមន៍កៅស៊ូផ្សេងៗ ឱ្យបានស្គាល់គ្នា ចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ ផ្សាភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក នៅក្នុងបរិបទដែលសង្គមជាតិមានសុខសន្តិភាពពេញលេញទូទាំងប្រទេស។
សូមបញ្ជាក់ថា កម្មវិធីចៀរជ័រកៅស៊ូនេះ កើតចេញពីគំនិតផ្តួចផ្តើមរបស់លោករដ្ឋមន្ត្រី ឌិត ទីណា ដែលលោកជំរុញ និងបំផុសស្មារតី ក៏ដូចជាចំណង់ចំណូលចិត្តរបស់អ្នកចៀរជ័រកៅស៊ូ ដើម្បីធ្វើយ៉ាងណាដោះស្រាយនៅបញ្ហាប្រឈមកង្វះកម្លាំងពលកម្មនៅក្នុងវិស័យកៅស៊ូ និងជំរុញការអភិវឌ្ឍន៍វិស័យកៅស៊ូនៅកម្ពុជា៕