ព្រះសីហនុ៖ តាមការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣ នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤។ ការចូលសំចតនាវារបស់អាម៉េរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារបានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា ប្រតិភូនាវា USS SAVANNAH គ្រោងនឹងជួបពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ កម្មវិធីទស្សនកិច្ចនៅសាលាអនុវិទ្យាលយ័សម្តេចឪក្នុងក្រុងព្រះសីហនុ កម្មវិធីប្រកួតកីឡាបាល់ទះរវាងក្រុមនាវិកនាវា USS SAVANNAHជាមួយកងទព័ជើងទឹកកម្ពុជា និងកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀត។
ក្នុងអំឡុង ពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជារយៈពេលប្រាំថ្ងៃនេះ គណៈប្រតិភូនាវាបានរៀបចំផែនការសកម្មភាពជាបន្តបន្ទាប់ ដើម្បីជំរុញការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ។ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងអាម៉េរិក។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មានចំនួន២៧ គ្រឿង ដែលការចូលសំចតលើកនេះ ជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល០៨ឆ្នាំ៕