ភ្នំពេញ៖ តាមការគ្រោងទុក បេក្ខជនចំនួន ៥៨៣អង្គ/នាក់ (ស្រី ១៥៦នាក់) ដែលបានប្រឡងជាប់ជាស្ថាពរលើវិញ្ញាសាសរសេរលើកទី១ នាពេលកន្លងមក ត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសាសរសេរលើកទី២) នៅពេលនេះ។
ដើម្បីជាសក្ខីភាពនៃការចាប់ផ្តើមការប្រឡងប្រជែងនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូបជូនបេក្ខជនប្រឡង ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។
វិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល (វិញ្ញាសាសរសេរលើកទី២) នាថ្ងៃនេះនឹងត្រូវចែកចេញជាពីរដំណាក់កាល។ (១) វិញ្ញាសាអធិប្បាយពាក់ព័ន្ធនឹងចំណេះដឹងទូទៅផ្នែកច្បាប់ រដ្ឋបាល សេដ្ឋកិច្ច វប្បធម៌ទូទៅ និងសំណួរខ្លីពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ អក្សរសាស្ត្រ ភូមិសាស្ត្រ ពលរដ្ឋវិទ្យា អរិយធម៌ និងវប្បធម៌ទូទៅ រយៈពេល ៣ម៉ោង ចាប់ផ្តើមពី ១២:០០នាទី ដល់ម៉ោង ១៥:០០នាទី។ (២)វិញ្ញាសាភាសាអង់គ្លេស ឬភាសាបារាំង រយៈពេល ១ម៉ោង ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៧:០០នាទី។
គួរបញ្ចាក់ថា គណៈកម្មការមេប្រយោគ បានការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ (វិញ្ញាសាសរសេរលើកទី២) យ៉ាងសម្ងាត់ពីសាស្ត្រាចារ្យជំនាញ។ រាល់ដំណើរការនៃការរៀបចំការប្រឡងប្រជែងទាំងអស់ តែងមានការចូលរួមតាមដានឃ្លាំមើលពីអ្នកសង្កេតការណ៍មកពី អង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត។ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាចំនួនតែមួយជម្រើសតែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដោយ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធ៕