ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ វេទិកាការងារ និងកម្មសិក្សាការងារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន៣៨៥ កន្លែង ពីក្រុមហ៊ុនធំៗ ៨ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្រុមហ៊ុនធំៗទាំង៨ ដែលនឹងចូលរួមក្នុងវេទិកាការងារនេះ មានដូចជា៖មីក្រូហិរញ្ញវត្ថុ AMK, ធនាគារ BIC BANK, សណ្ឋាគារ KVL, ក្រុមហ៊ុន GFG និងក្រុមហ៊ុន TRUMP FITNES ក្រុមហ៊ុន KM ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប និងមីក្រូហិរញ្ញវត្ថុ JACCS។ ចំពោះ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ហេម ប៊ុណ្ណារិទ្ធិ ជាមន្រ្តីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លើកឡើងថា AMK នឹងនាំយកនូវឱកាសការងារជាច្រើនមុខតំណែងនៅថ្ងៃទី១២ ខាងមុខនេះ ក្នុងនោះមានទាំងត្រូវការបទពិសោធន៍ និងមិនត្រូវការបទពិសោធន៍។ ជាមួយគ្នានេះលោក ប៊ុណ្ណារិទ្ធិ ក៏ស្នើដល់ NEA បន្តផ្សព្វផ្សាយពីឱកាសការងារជាមួយនឹង AMK ដល់សិស្សនិស្សិតនៅតាមបណ្តាខេត្ត ដែលពួកគាត់កំពុងស្វែងរកការងារធ្វើ។
មន្រ្តីជ្រើសរើសបុគ្គលិកជាន់ខ្ពស់ រូបនេះពិតជាកោតសរសើរចំពោះ NEA ដែលតែងតែរឹះរកវិធីសាស្ត្រល្អៗក្នុងតំណាងក្រុមហ៊ុនផ្សេងៗទាំងនៅក្នុងរាជធានី និងនៅតាមបណ្តាខេត្ត ដើម្បីផ្តល់ឱកាសដល់អ្នកស្វែងរកការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារបានជួបដោយផ្ទាល់ជាមួយនឹងតំណាងមកពីក្រុមហ៊ុននោះ។ លើសពីនេះទៀត មន្ត្រី NEA ពិតជារួសរាយរាក់ទាក់ ក្នុងការផ្តល់នៅកិច្ចសហការជាមួយបណ្តាក្រុមហ៊ុនដោយការទទួលខុសត្រូវ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕