ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ទំហំនៃការវិនិយោគក្នុងវិស័យសុខាភិបាលអាចច្រើន តែផលដែលទទួលបានពីការវិនិយោគគឺមានទំហំមហាសាល សម្រាប់សុខុមាលភាពប្រជាជន ហើយរាជរដ្ឋាភិបាលចាត់ទុកមូលធនមនុស្សជាទ្រព្យសកម្មដ៏ធំ។ ប្រសាសន៍នេះត្រូវបានថ្លែងក្នុងពិធី “បញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល” នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំហំនៃការវិនិយោគនៃការសាងសង់មន្ទីរពេទ្យ និងសាកលវិទ្យាល័យពេលនេះអាចមានទំហំថវិកាច្រើន តែរាជរដ្ឋាភិបាលបានតម្កល់ផលប្រយោជន៍ដែលទទួលពីការវិនិយោគនេះ មានទំហំមហាសាលសម្រាប់បម្រើដល់សុខមាលភាពប្រជាជន ជាពិសេសរាជរដ្ឋាភិបាលបានចាត់ទុកមូលធនមនុស្ស គឺជាទ្រព្យសកម្មដ៏ធំរបស់សង្គមជាតិ។
សម្តេចក៏បានគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ ចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតបច្ចុប្បន្ន គឺបង្កើតទ្រព្យសកម្ម ជាជាងបន្ទុក ដោយឈរលើកត្តា ៣៖ ១/ ពង្រឹងវិស័យសុខាភិបាល, ២/ អភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ នៅក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ, ការងារនិយ័តកម្ម, ការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និង៣/ កសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជនដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព, សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ សម្តេចបានលើកបន្ថែមអំពីកត្តាធំៗដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យសុខាភិបាល និងលើកកម្ពស់គុណភាព និងសុខភាព៖ ១/ ពង្រឹងហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ២/ បំពាក់ឧបករណ៍ សម្ភារឱ្យកាន់តែទំនើប, ៣/ ថ្នាំសង្កូវ និង៤/ មនុស្សទាំងបរិមាណ និងគុណភាព។ ក្នុងរយៈពេលជាង ១ឆ្នាំនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, យើងបានសម្ពោធនូវសមិទ្ធផលជាច្រើន ហើយបន្តកសាងបន្ថែម, ទំនើបកម្មសម្ភារ, បង្កើនក្រុមសីលធម៌ និងវិជ្ជាជីវៈ, ពង្រឹងភាពជាដៃគូ និងជំរុញការពង្រីកសេវា និងពង្រឹងគុណភាពសេវាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញអនុសាសន៍ជាច្រើនចំណុចដល់ក្រសួងសុខាភិបាល, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, គ្រឹះស្ថានបណ្តុះបណ្តាលវិទ្យាសាស្ត្រសុខាភិបាលទាំងរដ្ឋ និងឯកជន ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមគោលដៅផ្សេងៗទៀត៕