ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៩ធ្នូនេះ បានប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំសេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ គម្រោងនេះ នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាល គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាងសង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ (រាប់ទាំងជាន់ក្រោមដី) សរុបទាំងអស់ ៨ជាន់ ស្មើនឹង ២៧ ០៧៩ ម៉ែត ដែលមានសមត្ថភាពទទួលអ្នកជំងឺសម្រាក សរុបចំនួន ២០០គ្រែ។
លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នឹងឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការយកចិត្ដទុកដាក់របស់ក្រសួងសុខាភិបាល ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឱ្យកាន់បានប្រសើរឡើងនូវសុខភាពសាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដើម្បីឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល។
មន្ទីរពេទ្យនេះនឹងរចនាឡើងតាមស្ដង់ដារអន្ដរជាតិ ជាមួយនិងឧបករណ៍ បច្ចេកវិទ្យាទំនើបបំផុត សម្រាប់ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ ជាពិសេសនឹងក្លាយជាកន្លែងសិក្សា ស្រាវជ្រាវ ដើម្បីទាក់ទាញអ្នកជំនាញ ដែលមានទេពកោសល្យកម្រិតជាតិ និងអន្ដរជាតិមកធ្វើការសហការគ្នា ប្រឹងប្រែង រុករកនវានុវត្ដន៍ថ្មីៗបន្ថែមទៀតនៅក្នុងវិស័យសុខាភិបាល៕