ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឱសានវាទយ៉ាងយូរត្រឹមថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០២៤នេះ ឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពផ្សព្វផ្សាយរបស់ខ្លួន ហើយចាប់ពីថ្ងៃទី ១១ ធ្នូនេះ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ជាវិធានការ ធ្វើឡើង មួយថ្ងៃក្រោយចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំជាមួយមន្ត្រីទាំងកម្រិតថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី បានណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និង អចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។
បើតាមលោក ស សុខា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអ៉ីនធើណេត និង ជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ ល្មើសមួយ បង្ក្រាបមួយ ល្មើសពីរ បង្ក្រាបពីរ។
គួរបញ្ជាក់ថា លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំចំនួន៥ចំណុច ស្ដីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ល្បែងស៊ីសងខុសច្បាប់ ក្រោយពីក្រសួងបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ មួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ(Online)។
ក្រៅពីនេះ ក្រសួងបានចេញនូវវិធានការ អាជ្ញាធរគ្រប់មូលដ្ឋាន ត្រូវចាត់វិធានការតឹងរ៉ឹង ហាមឃាត់ការផ្សព្វផ្សាយ និង ការចែករំលែកបន្តនូវរូបភាព និង ខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសង ហើយត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសង។ក្រសួងមហាផ្ទៃ បានព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពនេះ៕