Cctimesw1140xh150cm copy

ក្រសួងកិច្ចការនារីសហការជាមួយក្រសួងព័ត៌មានរៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងកិច្ចការនារី បានសហការជាមួយក្រសួងព័ត៌មាន រៀបចំវេទិកាសារព័ត៌មានប្រចាំឆ្នាំស្តីពីសមភាពយេនឌ័រ ក្រោមប្រធានបទ «តួនាទីរបស់សារព័ត៌មានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងទប់ស្កាត់អំពើហិង្សាលើស្ត្រី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីតួនាទីភាគីពាក់ព័ន្ធក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រ និងជំរុញការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងជនរងគ្រោះប្រកបដោយវិជ្ជាជីវៈ។

វេទិកាសារព័ត៌មាននេះត្រូវបានរៀបចំឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមជាគណៈអធិបតីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើននាក់ទៀត។

ថ្លែងក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយា និងផ្នត់គំនិតសង្គម ខណៈភាពជឿនលឿន ផ្នែកបច្ចេកវិទ្យារួមទាំងបញ្ញាសិប្បនិម្មិត បានបង្កើតហិង្សាទាក់ទងនឹងយេនឌ័រ។ បច្ចុប្បន្នសាធារណៈជនត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន និងមានព័ត៌មាន ទិន្ន័យគ្រប់គ្រាន់ ទាក់ទងនឹងយេនឌ័រ រួមបញ្ចូលទាំងផ្នត់គំនិតយេនឌ័រ តួនាទីយេនឌ័រ ក្នុងសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានសង្ឃឹមថា វេទិកានេះនឹងធ្វើឱ្យអ្នកសារព័ត៌មានយល់កាន់តែច្បស់អំពីតួនាទីរបស់ខ្លួន ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្នស្ថានភាព វិសមភាពយេនឌ័រនៅកម្ពុជា មានភាពប្រសើរជាងមុនទាំងក្នុងវិស័យអប់រំ និងក្នុងវិស័យការងារ។ ការផ្លាស់ប្តូរផ្នត់គំនិតបុរាណពី «ស្ត្រីបង្វិលចង្ក្រានមិនជុំ ទៅជាស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»។ ចំណុចនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការលើកកម្ពស់យេនឌ័រ និងការជំរុញឱ្យស្ត្រីចូលរួមនៅក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឱ្យបានច្រើនដូចបុរសដែរ។

គួរបញ្ជាក់ថា វេទិកាសារព័ត៌មាននេះ មានអ្នកចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន អង្គការយូណេស្កូ តំណាងស្ថាតទូត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រុមការងារក្រមប្រតិបត្តិ អ្នកសារព័ត៌មាន សកលវិទ្យាល័យ មន្ទីរកិច្ចការនារី និងមន្ទីរព័ត៌មាន សរុបប្រមាណ ៣០០នាក់ចូលរួមដោយផ្ទាល់ និង១០០នាក់ ចូលរួមតាមប្រព័ន្ធអនឡាញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង